ខេត្តកំពត ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងទី២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត អញ្ជើញអមដំណើរដោយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល​ខេត្តកំពត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពត ជាច្រើនរូបទៀត និង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី មន្ត្រីរដ្ឋបាល ក្រុមកាងារសាខាកាកបាទក្រហមខេត្តកំពត សាលាខេត្តកំពត និងស្រុកបន្ទាយមាស អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយសាខាកាកបាទក្រហមខេត្តកំពតជូនប្រជាពលរដ្ឋមកពី៥ ភូមិ ឃុំវត្តអង្គខាងត្បូង នៅស្រុកបន្ទាយមាស ខេត្តកំពត ចំនួន ១,០៣០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ។

មានប្រសាសន៍នាកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិក្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈ​ទេសៈ​។ ឯកឧត្តមបណ្ឌិតក៏ បានសំដែងនូវការកោតសរសើរ ចំពោះទឹកចិត្តដ៏សប្បុរសជននានាក្នុងខេត្តកំពត ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពតនាពេលនេះ។

ឆ្លៀតនាឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗ លេងទឹកឡើយ ដែលអាចបណ្ដាលឱ្យបាត់បង់សមាជិកក្នុងគ្រួសារដោយ ការលង់ទឹក ឬសត្វអាសិរពិសខាំជាដើម។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ ។ អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះជំនួន ១.០៣០ គ្រួសារ មាន៖ មី ១កេះ កញ្ចប់ ទឹកស៊ីអ៊ីវ ១ យួរ ទឹកត្រី ១ យួរ អង្ករ ២៥ គីឡូក្រាម និងថវិកា ៤ ម៉ឺនរៀល ក្នុងនោះក៏បានចែកថវិកា ជូន យុវជនស្ម័គ្រចិត្ត យុវជនកាកបាទក្រហម គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធចូលរួមក្នុងពិធី ៧២នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល សរុបជាថវិកា ៤២លាន៦៤ម៉ឺនរៀល ។ ការចូលរួមចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ នៅឃុំវត្តអង្គខាងត្បូង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានពាំនាំនូវអំណោយមួយចំនួន ជូនរដ្ឋបាលស្រុកបន្ទាយមាស ៖
1) ម៉ាស 5កេស ស្មើនឹង 13000 ម៉ាស
2) ថ្នាំពេទ្យ (គីណាល់) 11កេស និង21ប្រអប់
3) អាល់កុល 4កាន ស្មើនឹង 120 លីត្រ
4) នំចម្រុះ ម៉ាក Bread Talk ស្មើនឹង560 កញ្ចប់ (ចែកជូនប្រជាជនទទួលទាននៅនឹងកន្លែង)។