ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានចុះពិនិត្យការដ្ឋានសាងសង់អគារអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការដ្ឋានសាងសង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយ ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

អគារថ្មីនេះ ត្រូវបានរៀបចំធ្វើ ពិធីក្រុងពលី ចាប់ពីដំណើរការ បើកការដ្ឋានសាងសង់ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៩​។ បើតាមការបញ្ជាក់របស់ គណៈកម្មការសាងសង់ អគារថ្មីនេះ មានកម្ពស់១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារ ជាង ៣០០ បន្ទប់ ។ អាគារនេះដែរ សាងសង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុប សហការ ជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ដោយប្រើរយៈពេល ២៤ ខែ ហើយគិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៣០ ភាគរយហើយ ។ គោលបំណងសាងសង់អគារថ្មីលើទីតាំងចាស់នេះ គឺដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព័ត៌មាន ដែលមានសភាពចង្អៀត និងចាស់ទ្រុឌទ្រោម។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីជំនាញ ត្រូវពិនិត្យលក្ខណៈបច្ចេកទេស និងបទដ្ឋានឲ្យបានត្រឹមត្រូវ ព្រមទាំងបង្កភាពងាយស្រួលដល់សាធារណជនខាងក្រៅ ការមកធ្វើទំនាក់ទំនងការងារ បានដោយងាយស្រួល និងឆាប់រហ័សជាងមុន។