ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់សមាគមន៏ស្នាមញញឹមថ្មី នៃក្តីសង្ឃឹម របស់កុមារ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មានប្រសាសន៏សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះកូនៗទាំងអស់ដោយក្តីនឹករឭក ។  សម្តេចតែងតែបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមក៏បានកោតសរសើរ និងលើកទឹកចិត្ត ដល់ប្រធានសមាគមន៏ ដែលបង្កើតសមាគមន៏នេះឡើងជួយដល់ការងារសង្គម ក៏ដូចជាការងារមនុស្សធម៌ ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលមានទឹកចិត្តល្អ មានព្រហ្មវិហារធម៌ ក្នុងការមើលថែ និងបង្រៀនដល់កូនៗដែលជាក្មេងកំព្រា ដែលត្រូវឪពុកម្តាយបោះបង់ចោល និងផ្តាំផ្ញើរដល់កូនៗត្រូវខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជាសំរាប់ខ្លួនទៅថ្ងៃអនាគត ព្រោះថារាជរដ្ឋាភិបាលមិនបានបោះបង់ ឫក៏ទុកចោលអោយកូនរស់នៅដោយគ្មានការយកចិត្តទុកដាក់ឡើយ ហើយឯកឧត្តម គង់ សោភ័ណ្ឌ បានសន្យាថាបន្តជួយគាំទ្រដល់សមាគមន៏នេះជាបន្តបន្ទាប់។

សូមបញ្ជាក់ថាសមាគមន៏ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ បង្កើតឡើងកាលពីឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតមកដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែទាំកុមារកំព្រាគ្មានទីពឹងសរុប៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ កុមារទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង ក្រចេះ កំពង់ចាម ពោធិសាត់ និងក្រុងព្រះសីហនុ។

អំណោយដែលបានប្រគល់ជូនដល់សមាគមន៏មាន៖ អង្ករ ២.០០០គីឡូក្រាម មី៣០កេស ត្រីខកំប៉ុង៣កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រ ម៉ាស់៥០០បន្ទះ ថវិកាឧបត្ថម្ភសមាគមចំនួន ៣លានរៀល ក្នុងនោះថវិកា លោកឧកញ៉ា គិត ចាន់ថា ជួយឧបត្ថម្ភ១លានរៀល និងឧបត្ថម្ភកុមារចំនួន៤៦នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរ ទឹកបរិសុទ្ធ៤កេស និងបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ កុមារកំព្រា និងពិនិត្យមើលស្ថានភាព ទីតាំងភូមិសាស្ត្រអាគាររបស់មណ្ឌលបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី និង ដែលមានទីតាំងស្តិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តមក៏បានជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន៧នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងកុមារកំព្រាដែលរស់នៅក្នុងមណ្ឌលចំនួន១១ ក្នុងនោះ១០នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល ដោយឡែកកុមារម្នាក់ពិការទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងឧបត្ថម្ភដល់មណ្ឌលថវិកា៤០ម៉ឺនរៀលផងដែល។