អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិតដោយសារមិនគោរពតាមគោលការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធវិធានការការពារកូវីដ-១៩នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចំរុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៏ខេត្តសៀមរាប ដោយក្នុងនោះក្រុមការងារ បានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត គឺទី១.ទីតាំងស្កាយបា ដឺ វ័ន បាយធី ( The One by T) និងទី២.ថេមថលក្លឹប (Temple Club)ជាបណ្តោះអាសន្នដោយសារតែម្ចាស់អាជីវកម្មខាងលើ មិនបានចូលរួមអនុវត្តនូវវិធានសុវត្តិភាពទេចរណ៍​ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាការណែនាំរបស់ក្រសួងទេសចរណ៏ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ក្នុងក្រុងសៀមរាបមានមណ្ឌលកំសាន្តមនុស្សពេញវ័យចំនួន៥១កន្លែង ត្រូវបានផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រក្សាបាននូវភាពស្ងប់ស្ងាត់ ដែលជាការចូលរួមរបស់ប្រតិបត្តិករទេសចរណ៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាទប់ស្កាត់កូវីដ-១៩ ក្នុងនោះក្លិបកម្សាន្តទាំងអស់នៅក្នុងក្រុងសៀមរាប ត្រូវបានបិទអស់ហើយ គឺនៅតែពីរនេះចុងក្រោយគេ ។ ជាមួយគ្នានោះក្នុងខេត្តសៀមរាប គឺក្រុមការងារក៏បានធ្វើការបិទទាំងស្រុងនូវ ទីតាំង KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ ប៉ុន្តែសម្រាប់ភោជនីយដ្ឋាន គឺដំណើរការធម្មតាតែត្រូវគោរពតាមវិធានសុវត្ថិភាពទេចរណ៍។ ក្នុងនោះដែរលោកប្រធានមន្ទីរ ក៏បានអំពាវនាវអោយម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមគោរពតាមការណែនាំរបស់រដ្ឋាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរអោយបានល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវិដ១៩រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍៣វិច្ឆិកា។ ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយម្ចាស់មណ្ឌលកំសាន្តមនុស្សពេញវ័យ អាជ្ញាធរខេត្តបានព្រមានថា ម្ចាស់ក្លឹបកំសាន្តណាមួយ ដែលមិនផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ននោះទេ នឹងត្រូវប្រឈមចំពោះការបញ្ឈប់អាជីវកម្មស្ថាពរ និងដកហូតអាជ្ញាបណ្ណអាជីវកម្មផងដែរ៕