(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៉ីសងជល់មាន់ខុសច្បាប់មួយករណី នៅស្រុកព្រៃឈរ ឃាត់ខ្លួនមនុស្ស៩នាក់ និងវត្ថុតាងមួយចំនួន។

ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនបានមនុស្ស៩នាក់ និងដកហូតវត្ថុតាងបាន ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ម៉ូតូ ចំនួន០៦គ្រឿង, ស្កុតរំជើងមាន់ប្រើរួច០៣គូរ, ប្រាក់រៀល ចំនួន១០០,០០០រៀល និងប្រាក់ដុល្លារចំនួន ១០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោកព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ៕