នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ រួមដំណើរ ដោយថ្នាក់ដឹកនាំមួយចំនួន នៃក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យអគារថ្មី នៃមន្ទីរព័ត៌មានខេត្តកំពត និងដំណើរការប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរផងដែរ។

តាមរបាយការណ៍ របស់មន្ទីរព័ត៌មានខេត្តកំពត បង្ហាញថា អគារមន្ទីរ ថ្មីនេះ សាងសង់ឡើង រួមមានបន្ទប់បំពេញការងារ និងបន្ទប់ប្រជុំធំទូលាយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ មន្រ្តី នៃមន្ទីរព័ត៌មានខេត្តកំពត សរុបមានចំនួន ៣៧ នាក់ ក្នុងនោះ មន្ទីរមាន វិទ្យុ ៩ មករា FM ៩៩.៧០ MHz ផ្សាយជារៀងរាល់ថ្ងៃ និងទូរទស្សន៍ អន ឡាញផ្សាយសាកល្បង ៧ម៉ោងក្នុងមួយថ្ងៃ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តកំពត រួមមានវិទ្យុ ផ្សាយផ្ទាល់ចំនួន ៦ស្ថានីយ វិទ្យុផ្សាយបន្ត ៤ស្ថានីយ ទូរទស្សន៍ផ្សាយបន្ត ៥ស្ថានីយ និងទូរទស្សន៍ ខ្សែកាប ៦ស្ថានីយ ។

ក្នុងដំណើរបេសកកម្មនោះ ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងវិស្វករផ្នែកសំណង់ ក៏បានអញ្ជើញទៅពិនិត្យមើលអគារ ស្ថានីយផ្សាយបន្តវិទ្យុ និងទូរទស្សន៍ នៅលើភ្នំបូកគោ ខេត្តកំពត ដែលបានកសាងឡើងតាំងពីកំឡុងឆ្នាំ ២០១២។ បច្ចុប្បន្ន អគារនេះ សភាពចាស់ទ្រុឌទ្រោម ដែលទាមទារ ឲ្យធ្វើការជួសជុលកែលម្អ ជាថ្មីឡើងវិញ ទើបអាចដាក់សម្ភារៈ ម៉ាស៊ីនផ្សាយបាន។

ក្នុងគម្រោងជួសជុលអគារនេះឡើងវិញ គឺដើម្បីឲ្យស្រប ជាមួយនឹងដំណើរការ នៃគោលនយោបាយ ឌីជីថល របស់ ក្រសួងព័ត៌មាន ដែលបានដាក់ចេញ ក្នុងគម្រោងចន្លោះឆ្នាំ ២០២១ រហូតដល់ឆ្នាំ២០២៣ ហើយ ទីតាំងចំណុចនៅលើភ្នំបូកគោនេះ ក៏ជាគោលដៅមួយ នៃបង្គោលអង់តែន សម្រាប់ថ្នាលវិទ្យុ និងទូរទស្សន៍ ឌីជីថល នេះផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មានលក្ខណ: អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្ត នូវ វិទ្យុជាតិFM ៩៦ វិទ្យុជាតិ FM វត្តភ្នំ វិទ្យុជាតិ FM ខេត្តកំពត និងទូរទស្សន៍ជាតិកម្ពុជា ទៅកាន់តំបន់ ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកស្ដាប់ និងមើលឃើញ ពីដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៏ ហើយអ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៍អាកាសធាតុ សម្រាប់អ្នកនេសាទនៅសមុទ្រ ដើម្បីបានដឹងជៀសពីគ្រោះថ្នាក់ជាយថាហេតុ។

បន្ថែមពីនេះ អគារជួសជុលឡើងវិញនេះ ក៏ជាកន្លែង សម្រាប់ឲ្យមន្ត្រីក្រសួងព័ត៌មាន ស្នាក់នៅ អំឡុងពេលមកលេងកម្សាន្តផងដែរ។