ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសជូនដំណឹង នៅក្នុងលិខិតផ្លូវការជារួមមួយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឲ្យដំណើរគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងអនុញ្ញាតឲ្យមានការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឲ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូល បរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃនេះតទៅ ដោយបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលផងដែរ។ ការបើកឲ្យដំណើរការសកម្មភាពកីឡា និងការលេងកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ក្រោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យគ្រប់ផ្នែកគ្រប់វិស័យដំណើរការឡើងវិញដូចពេលមុនព្រឹត្តិការណ៍៣វិច្ឆិកា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នំា២០២០ និងបន្ទាប់ពីប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។

ការលេងកីឡាគ្រប់ប្រភេទកីឡាដែលមានលក្ខណៈប្រមូលផ្តុំ និងការបិទការចេញចូលនៃពហុកីឡាជាតិអូឡាំពិកជាបណ្តោះអាសន្ន បានធ្វើឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។ ការផ្អាកដំណើរការនេះគឺផ្អាកនូវទាំងការប្រកួតនានា ការហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលឈុតធំ និងក្រុមជម្រើសជាតិថ្នាល ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០នេះដែរ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំយុវជន និងកីឡាកីបានជូនដំណឹងមួយដែរ ដោយយោងលើលិខិតអនុញ្ញាតរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដោយជូនដំណឹងដល់គ្រូបង្វឹក គ្រូជំនួយ  កីឡាករ កីឡាករិនីជម្រើសជាតិ និងក្រុមថ្នាលទាំងអស់ ស្តីការអនុញ្ញាតឲ្យបើកដំណើរការការហ្វឹកហាត់ឡើងវិញលើគ្រប់ប្រភេទកីឡាទាំងអស់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ប៉ុន្តែត្រូវបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល៕