(ខេត្តកំពង់ឆ្នាំង)៖ រថយន្តយីឌុបដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីចម្រុះខាងក្នុងបន្លំភ្នែកសមត្ថកិច្ចស្ទាក់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥ខណៈដែលគេកំពង់ធ្វើសកម្មភាពដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ឆ្នាំង ។ ក្នុងកិច្ចប្រតិបត្តការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៨វិច្ឆិការ២០២០ នៅលើកំណាត់ផ្កូវជាតិលេ​​ខ៥​​ចំណុចភូមិក្រាំងតាឯក ឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់រថយន្តធុនធំដឹងឈើផ្ទះចាស់ៗនិងបង្កបឈើចម្រុះខាងក្នុងរួចហើយបានរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា និងសការអនុញ្ញាតិយកមកស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាចដើម្បីរក្សាទុកស្អែកឡើងទើបធ្វើការរើឈើរាប់និងវាសវែង ដើម្បីដឹងពីចំនួនឈើពិតប្រាកដរក្សាទុកក្នុងឃ្លាំង ។ ចំណែករថយន្តធ្វើកំណត់ហេតុរាយការណ៍មន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។​នាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច លោក ឯម វិចិត្រ បានអោយដឹងថា រថយន្តធុនធំដឹកឈើខាងលើនេះម៉ាក ហ៊ីណូ ពណ៌ខៀវពាក់ស្លាកលេខ ព្រៃវែង 3A.​0287 ត្រូវសមត្ថកិច្ចចម្រុះសហការគ្នា ឃាត់ចាប់បាន ដោយរថយន្តនេះ ដឹកឈើផ្ទះចាស់ហើយលួចបង្កបឈើថ្មីខាងក្រោម ដើម្បីបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវ ខណៈដែលលិខិតស្នើសុំអនុញ្ញាតិដឹកឈើផ្ទះចាស់ ។

លោកបន្តថា នៅពេលសមត្ថកិច្ចចាប់ឃាត់ ក្រុមអ្នកដឹកឈើប្រាប់ថា៖ ឈើផ្ទះចាស់ៗនោះទេ តែនៅពេលសមត្ថ​កិច្ចចម្រុះធ្វើការត្រូតពិនិត្យ ទើបឃើញសុទ្ឋតែប្រភេទឈើអារក្តាឈើសន្លឹក និងឈើអាគ្រឿងថ្មីៗហើយឈើមួយចំនួនទៀត មានមុខកាត់ធំៗ ជា ប្រភេទឈើមានតម្លៃ ។ ឆ្លៀតពេលសមត្ថកិច្ច កំពុងជាប់រវល់ពិនិត្យឈើ ដែលលួចដឹកខុសច្បាប់នោះ ក្រុមអ្នកដឹកជញ្ជូនឈើនិងអ្នកបើកបរបានរត់គេចខ្លួនបាត់អស់ ។

នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាចលោក ឯម វិចិត្រ បានបញ្ជាក់អោយដឹងបន្ថែមទៀតថាមកដល់ថ្ងៃទី១៩វិច្ឆិការ២០២០ឈើកំពង់ត្រូវបានរើចេញពីរថយន្តហើយគេនៅមិនទានដឹងថាចំនួនប៉ុន្មានបន្ទះនឹងប៉ុន្មានម៉ែត្រនៅឡើយទេព្រោះឈើច្រើនពេកហើយធំៗធ្ងន់ទៀតផងនោះ តែបើតាមការប៉ាន់ប្រមាណ អាចជិតដល់ទៅ២០ម៉ែត្រគូបផងដែរ។

លោកនាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ក្រោយពេលធ្វើការវាស់វែងចប់សព្វគ្រប់ មន្ត្រីជំនាញ នឹងស្រាវជ្រាវរកម្ចាស់ឈើ ពិតប្រាកដដើម្បីធ្វើសេចក្តីជូនដំណឹង ឱ្យចូលខ្លួន មកបង់ផាកពិន័យ តាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយទុករយៈពេល៣០ថ្ងៃ បើរកម្ចាស់មិនឃើញ ឬម្ចាស់មិនចូលខ្លួនមកដោះស្រាយទេ មន្ត្រីជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ដល់ពេលនោះ រថយន្ត ក៍នឹងត្រូវរឹបអូសធ្វើជាសម្បត្តិរបស់រដ្ឋផងដែរ ៕