ខេត្តបាត់ដំបង៖ ក្រុមយុវជនវ័យក្មេងចំនួន០៦នាក់ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីក្រាំង រួមជាមួយកម្លាំងផ្នែកជំនាញ ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានអោយដឹងថា៖ ក្រោយទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋ ឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំឫស្សី ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានក្រុមយុវជនវ័យក្មេងចំនួន០៦នាក់ ប្រើប្រាស់មធ្យោបាយមានម៉ូតូចំនួនបីគ្រឿង បានធ្វើសកម្មភាព​ឆក់យកលុយរបស់ខ្លួនអស់ជាច្រើនខណ:ដែលខ្លួនកំពុងធ្វើដំណើរនៅលើផ្លូវជាតិ៥ចំណុចភូមិសាស្ត្រខាងលើរួចគេចខ្លួនបាត់ ភ្លាមនោះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្នងការរងទទួលផែនរួចមកលោកក៏បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង ១៥ និង៣៩នាទី ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងលិចស្ពានដើមក្រសាំង ស្ថិតក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ក៏កំណត់បានក្រុមជនសង្ស័យជាមុខសញ្ញា និងបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេធ្វើសកម្ម ភាពឆក់បានសម្រេចជិតកន្លះម៉ោង។

លោកបន្តថា ជនសង្ស័យជាយុវជនវ័យក្មេងដែលត្រូវឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ

២-ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

៣-ឈ្មោះ សាត ភារ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន សុខ រាជធានីភ្នំពេញ

៤-ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវរាជ ធានីភ្នំពេញ

៥-ឈ្មោះ ផាន រ៉ាវីន ហៅជ័យភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ

៦-ឈ្មោះ រតនា វិសាលសិដ្ឋភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិគោកឃ្នាងសង្កាត់គោកឃ្នាងខណ្ឌសែនសុខរាជធានីភ្នំពេញ។​ដកហូតវត្ថុតាងរួមមាន៖-ប្រាក់រៀលខ្មែរចំនួន១.៥0០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) -ម៉ូតូចំនួន០៣ គ្រឿង -ទូរស័ព្ទដៃចំនួន០២គ្រឿង -ខ្សែដៃកាឡៃចំនួន០១ខ្សែ -ខ្សែកផ្លាកទីនចំនួន០១ខ្សែ និងចិញ្ចៀនផ្លាកទីន ចំនួន០១វង់។

លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង័្សយខាងលើបានសារភាពថា ពួកខ្លួនបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ហើយមានគោលបំណង ទៅកាន់ខេត្តសៀមរាប ក្នុងពេលធ្វើដំណើរតាមផ្លូវក្រុមពួកគេបានធ្វើសកម្មភាព(ឆក់យកទ្រព្យ សម្បត្តិ)ពីអ្នកធ្វើដំណើរតាមដងផ្លូវនៅចំណុចស្នាមព្រះ ភូមិសាស្រ្តខេត្តពោធិសាត់

ដែលក្នុងនោះបានប្រាក់ចំនួន ៧០០.០០០រៀល(ចិតសិបម៉ឺនរៀល)លុះមកដល់ភូមិសាស្រ្តខេត្តបាត់ដំបងពួកគេក៏បានធ្វើសកម្មភាពបន្តទៀតដោយបានប្រាក់ចំនួន ១.១៩៥.០០០រៀល(មួយលានមួយសែនប្រាំបួនម៉ឺនប្រាំពាន់រៀល)ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបបានតែម្តង។  លោកបញ្ជាក់ទៀតថា កិច្ចប្រតិបត្តិការរបស់នគរបាលដែលអនុវត្តបានជោគជ័យនៅពេលនេះ គឺស្ថិតក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនជំនាញ និងជាពិសេសបានការ ចូលរួមផ្តល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋនៅ មូល ដ្ឋាន ដែលកន្លងមកសមត្ថកិច្ចបានធ្វើការផ្សព្វ ផ្សាយ លេខទូរស័ព្ទដោយទូលំទូលាយ ហើយប្រជាពលរដ្ឋលោកទទួលយកសម្រាប់ទាក់ទង ទាន់ពេលនៅក្នុងករណីមានហេតុការ ណ៍ណាមួយកើតឡើងដូចករណីនេះស្រាប់។  រហូតមកដល់ពេលនេះក្រុមជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕