ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមិនប្រយ័ត្នរេពេញផ្លូវ ត្រូវរថយន្តស៊េរីទំនើបម៉ាកអូរឌី មួយគ្រឿងបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យកៀបជាប់ជាមួយម៉ូតូរបួសស្រាល២នាក់។​

ហេតុការណ៏នេះកើតឡើងកាលពីវេលា ម៉ោង០៩និង ៣០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចនិងមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខកំពត1J-7640ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នបណ្ដាលឲ្យរេកចង្កូតនៅខាងឆ្វេង ខណៈនោះក៏មានរថយន្ត ទំនើបម៉ាកអូរឌី មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AK .8087បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តនិងម៉ូតូកៀបជាប់គ្នា ចំណែកម៉ូតូរងការខូចខាតដាច់កន្ទុយម៉ូតនិងដួលបោកនឹងថ្នល់រងរបួសស្រាល ២នាក់។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុការណ៍ម្ចាស់រថយន្តឡើងជិះម៉ូតូកង់បីបំរុងគេចខ្លួនចេញពីកន្លែងកើតហេតុតែត្រូវបានសមត្ថ​កិច្ច​ធ្វើការឃាត់ខ្លួនយកវិញ។​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងឲ្យដំណាងភាគីរងគ្រោះខាងម៉ូតូចចារគ្នាជាមួយភាគីខាង រថយន្ត មួយសន្ធុះក្រោយមកខាងរថយន្តសំណងចំនួន​៥០០ដុល្លាឲ្យទៅខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕