ភ្នំពេញ:បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកRANGE ROVERរ៉េចង្កូតបុកម៉ូតូកង់បីចតចិញ្ចើមផ្លូវរងការខូច​ខាត​យ៉ាងដំណំនឹងបណ្ដាលឲ្យម្ចាស់កង់បីរងរបួសស្រាល។​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០ នាទីរសៀលថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧សង្កាត់ស្ទឹងមានជ័យទី ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ចតកង់បីនៅលើចិញ្ចើមផ្លូវជាប់របងការដ្ឋានកំពុងសាសង់មួយកន្លែងតាមបណ្ដោយផ្លូវ ២១៧ដើម្បីរង់ចាំដឹកភ្ញៀវស្របពេលក៏មានរថយន្តមួយគ្រឿងម៉ាកRANGE ROVER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AM-5996បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្ដាំដៃបុកកន្ទុយរ៉ឺម៉កកង់បីដែលចតលើចិញ្ចើមផ្លូវពេញទំហឹងខ្ទប់នឹងរបង​ស័ង្កសីការដ្ឋានបណ្ដាលអោយរថយន្តនឹងម៉ូតូកង់បីរងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសម្ចាស់កង់បីរងរបួសស្រាល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយៈសាវី