នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ដែលពិធីនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នំា ដើម្បីជំរុញ ប្រជាពលរដ្ឋទូទៅ ចូលរួមថែរក្សាអនាម័យ និងបរិស្ថានក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។

លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ លើកឡើងថា ការរៀបចំទិវាជាតិនៅស្រុកស្រីស្នំនាពេលនេះ គោល​បំណង​បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចេះស្រលាញ់ ថែរក្សា បរិស្ថានជុំវិញខ្លួន និងមានការទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់របស់ខ្លួន ដើម្បីធ្វើឲ្យសហគមន៍ ក៏ដូចជាសោភណ្ឌស្រុករបស់យើងទាំងមូល មានភាពស្រស់បំព្រង និងប្រជាពលរដ្ឋមានសុខភាពល្អទាំងអស់គ្នា។

ក្នុងឱកាសនោះ លោកអភិបាលស្រុក បានដឹកនាំមន្ត្រីសាលាស្រុក កងកម្លាំងសមត្ថកិច្ចលោកគ្រូអ្នកគ្រូ សិស្សា​នុសិស្ស រួមនិងតំណាងមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត ដើររើសសំរាមនៅតាមទីសាធារណ ដើម្បីលើកកម្ពស់​សោភណ្ឌភាព និងបំផុសការចូលរួមពីសាធារណជនក្នុងស្រុក។