ភ្នំពេញ៖ពីនាក់មីងនិងក្មួយជិះម៉ូតូជិះម៉ូតូឌុបគ្នាទៅលក់គ្រឿងក្រអូបនៅមុខរោងចក្រតែជាអកុសលមកដល់មុខរោងចក្រក៏ត្រូវមានរថយន្តដឹកសុីម៉ង់ន៍បើកលឿនដូចហោះជ្រុលមកបុកពីក្រោយពេញទំហឹងនិងកិនបណ្ដាលឱ្យស្ត្រីពីរនាក់មីងនិងក្មួយបែកក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០និង ៣៩នាទីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ នៅត្រង់ចំណុចមុខរោងចក្រឧស្សាហកម្មសួនវឌ្ឍនៈទី ២  តាមបណ្ដោយផ្លូវជាតិលេខ ៣នៅភូមិទឹកថ្លា  សង្កាត់ក្រាំងពង្រ   ខណ្ឌដង្កោ។

 

សពស្រ្តីរងគ្រោះទាំង២នាក់ទី១  ឈ្មោះ ធុន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ( ក្មួយ ) អ្នកបើកម៉ូតូ និង ទី២. ឈ្មោះ ម៉ាក វណ្ណា ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ ( មីង ) ជនរងគ្រោះទាំង ២នាក់  បច្ចុប្បន្នមានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ចំណែកបើកបររថយន្តមានឈ្មោះ សារ៉ាន់ រដ្ឋា អាយុ២៧មុខរបរបេីក  មានស្រុកកំណើត នៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបាន ជិះម៉ូត១គ្រឿង ម៉ាក បីត ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS.5185 ឌុបក្មួយបង្កើតចេញពីផ្ទះជិះតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏បានបតម៉ូតូចូលទៅក្នុងរោងចក្រ ស្របពេលនោះក៏មានរថយន្ត៥តោនពាក់ស្លាកលេខ តាកែវ 3A.1246 ដឹកស៊ីម៉ងត៍ពេញបើកមកពីក្រោយក្នុងល្បឿនលឿនដូចហោះចាប់ហ្រ្វាំងទាន់ជ្រុលទៅបុកពីក្រោយពេញទំហឹងរួចកិនស្ត្រីពីរនាក់មីងនិងក្មួយបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ។

ពេលនោះរថយន្តបង្កបានព្យាយាមបើករត់គេចតែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រល្បាតក្បែរនោះឃើញក៏ដេញតាមពីក្រោយរថយន្ត ឃាត់រថយន្តនឹងចាប់បានតាកុងនិងព្រូបានភ្លាមៗយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលក្រាំងពង្រ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងមកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោដើម្បីចុះទៅដល់កន្លែងកើតហេតុ ពេលដែលសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះដល់កន្លែងកើតហេតុក៏បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូរួមនិងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពស្ត្រីទាំងពីរនាក់មីងនិងក្មួយក៏ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ:សាវី