រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប​ថា ក្នុងរដូវនេសាទឆ្នាំ 2020 នេះបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកកម្ពស់ទឹ កដែលហូរចេញពីបឹងទន្លេ​សាប រួចមក។ ឃើញថាគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃទី 6 កើត ដល់ថ្ងៃទី 12 កើត ត្រូវនឹងថ្ងៃទី 20 រហូតដល់ថ្ងៃទី 26 ខែធ្នូឆ្នាំ 2020 ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះនោះទេ។

ដោយយោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល ស្នើសុំអញ្ជើញបងប្អូនប្រ ជាពលរដ្ឋ ដែលមានបំណងធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគ ប្រចាំឆ្នាំមេត្តាអញ្ជើញមកទិញត្រីក្នុងខេត្តបុស្សនេះ ឱ្យបានរួសរាន់តាមពេលវេលា និងទីកន្លែង ដូចបានជម្រាបជូនខាងលើ។ ជាមួយគ្នានេះដែរ រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីកុំអោយមានការរាំងស្ទះតាមការគួរ៕