ភ្នំពេញ៖ នាពេលបច្ចុប្បន្ន សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហា ការខូចខាតផ្លូវ ការកកស្ទះចរាចរ​ណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤​ខណ្ឌដើ​ម្បី​​កាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ដូច្នេះផ្លូវអ៊ុតកៅស៊ូ ប្រភេទAC មួយខ្សែទៀត ក្នុងខណ្ឌដូនពេញ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រើប្រាស់កញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលឲ្យបានល្អប្រសើរ។

ជាក់ស្ដែងនៅរសៀលថ្ងៃព្រហស្បត្តិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ នៅផ្លូវលេខ៧៤ ចន្លោះពីតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង ២៦០ម៉ែត្រ និងបានបន្តពិនិត្យការជួសជុលផ្លូវលេខ៥១ ចន្លោះពីផ្លូវលេខ១១៤ ដល់ផ្លូវលេខ២៦៨ និងផ្លូវលេខ៧២ ចន្លោះពីផ្លូវជាតិលេខ៥ ដល់រង្វង់មូលកួចកាណុង ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។

ជាចុងក្រោយ អាជ្ញាធសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវ ចូលរួមសហការជាមួយអាជ្ញាធ កុំបានផ្លូវធំទូលាយ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ដើម្បីកាត់បន្ថយការកកស្ទះទៀត និងលើកសោរភ័ណ្ឌភាពទៅក្រុងផងដែរ៕