(ភ្នំពេញ)៖ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ច កំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករថានឹងរួញទំហំប្រមាណដក២ភាគរយក្នុងឆ្នាំ២០២០នេះ ។ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានឹងត្រូវបានរំពឹងទុកថា ងើបឡើងវិញនិងលូតលាស់បានប្រហែលជិត៤ភាគរយក្នុងឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយ របស់ធនាគារពិភពលោក កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ដែលទរទស្សន៍កម្ពុជា ប៉ុស្តិ៍លេខ៨អេចឌីទទួលបាន ។

ធនាគារពិភពលោក បានឱ្យដឹងថា  ដូច្នេះ នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះបានបង្ហាញថា នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ ការអន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់ រដ្ឋាភិបាលបានជួយមួយផ្នែក ក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទាន ប្រើប្រាស់ឱ្យនៅស្ថិតស្ថេរហើយ អតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។

របាយការណ៍ខាងលើបង្ហាញថា លំហូរនៃការវិនិយោគផ្ទាល់ ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់​ដេរ និង ទៅ ក្នុងវិស័យកសិកម្ម នៅតែបន្តកើនឡើង ទំនងដោយសារភាពទាក់ទាញរបស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា កំពុងធ្វើ ជាមួយប្រទេសនានាក្នុងតំបន់ ។ ទោះបីជា ការនាំចេញសរុបនៃផលិត​ផល កមន្តសាល បានរងការប៉ះទង្គិច ពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមាន ក្នុងការនាំចេញផលិតផល រោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, គ្រឿងបន្លាស់រថយន្ត  និង គ្រឿងផ្សំនានា ហើយការនាំចេញអង្ករ និងផលិតផល កសិកម្មផ្សេងទៀត  នៅមានសន្ទុះ ខ្លាំងក្លា។ ជាមួយគ្នានេះទេសចរណ៍ ក្នុងស្រុកបានជួយមួយផ្នែក ក្នុងការធ្វើឱ្យឧស្សាហកម្ម ទេសចរណ៍ និង ការ ធ្វើ ដំណើរ កម្រើក ឡើងវិញ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា “ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈម នឹង ភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ត្រូវធ្វើយ៉ាងណា ស្តារឡើងវិញ នូវការងារដែលបាត់បង់  ឬ ដែលត្រូវព្យួរដោយសារតែ  ការរាលដាលជំងឺនេះ” ។ លោកស្រី ពោលបន្តទៀតថា៖ “ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវ ជំរុញ លើកទឹកចិត្ត ដល់ ការ វិនិយោគ ក្នុង ស្រុក និង ពីបរទេស ឱ្យ ទាញយកផលចំណេញ​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ក្នុង តំបន់ដែលត្រូវ បាន បង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើ ទៅរួចតាមរយៈការដាក់ចេញឱ្យបាន ឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែងនិងប្រការលើកទឹកចិត្តនានា ដល់ការវិនិយោគអមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ផងដែរ។”

ក្នុងគោលបំណងជួយកម្ពុជា ឱ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍នៃរបាយការណ៍បានស្នើ ឱ្យ បង្កើនការវិនិយោគសាធារណៈសម្រាប់ជួយ ដល់ជនក្រីក្រី និង សម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធី បង្កើតការងារ ជាថ្នូរយកប្រាក់ កម្រៃប្រចាំថ្ងៃ (cash-for-work projects)ផង ទន្ទឹមគ្នានេះការលើកកម្ពស់វិស័យ អតិពលកម្មនានាដើម្បី បង្កើតការងារ ក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័សនៃតម្រូវការទំនិញ ប្រើប្រាស់ក្នុងស្រុក  ៕