(ខេត្តកំពត)៖ តាមការបញ្ជាក់របស់មន្ត្រីជំនាញថា ឆ្នាំ២០២០កន្លងទៅ ការគ្រប់គ្រង និងការប្រមូលចំណូល សួយសារពីការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ នៅក្នុងខេត្ត អនុវត្តបាន៩៧ភាគរយនៃផែនការ ស្មើនឹងជាង៤ លាន ៩សែនដុល្លារ។ តែទោះជាយ៉ាងនេះក្តី អភិបាលខេត្តកំពត ជំរុញណែនាំឲ្យអាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធសហការគ្នាឲ្យបានល្អ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលថវិកាជូនរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។
តាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ នៅខេត្តកំពតកាលពីរសៀលថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២០ កន្លងទៅផែនការប្រមូលចំណូល មានជាង៥លានដុល្លារ អនុវត្តបានជាង៤លាន៩សែនដុល្លា ស្មើនឹង៩៧ភាគរយ។ ក្នុងនោះប្រាក់ចំណូលសម្រាប់ខេត្តអនុវត្តបានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយនៃផែនការ។

លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ប្រាក់ចំណូលពីសួយសារលើអាជីវកម្មរ៉ែដែលផ្តល់អាជ្ញាប័ណ្ណដោយថ្នាក់ក្រសួង និងថ្នាក់ខេត្ត បានបែងចែកសម្រាប់រដ្ឋ ខេត្ត និងប្រាក់អំណោយលើកទឹកចិត្តដល់មន្ត្រីអនុវត្ត។

ឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកា៥០ ភាគរយ ពីការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។ ហើយតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តថា ថវិការទាំងនោះយកទៅអភិវឌ្ឍខេត្ត និងផ្តល់ជូនដល់មន្ត្រីថ្នាក់ដឹកនាំជាការលើកទឹកចិត្ត ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានណែនាំ និងជំរុញដល់ អាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធ ត្រូវសហការគ្នាអោយបានល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលសួយសារ លើអាជីវកម្មរ៉ែគ្រប់ភេទ ជូនរដ្ឋ និង ខេត្តសម្រាប់យកមកអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរជាងនេះទៀត៕