ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ជាជំហានដំបូងនេះ អាជ្ញាធរនឹងត្រូវអនុវត្តនៅប្រឡាយទួលពង្រមុនគេ បន្ទាប់មកមានប្រឡាយជាច្រើនទៀតដូចជាប្រឡាយត្រពាំងក្រសាំង ប្រឡាយទួលសំពៅប្រឡាយកប់ស្រូវ ប្រឡាយស្ទឹងមានជ័យ និងកន្លែងផ្សេងៗទៀត ។

ថ្លែងនៅក្នុងកិច្ចប្រជុំគម្រោងនៃការដោះស្រាយបញ្ហាទឹកលិច នៅតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ កំបូលនិង ដង្កោរ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០២១ ឯកឧត្តមមានប្រសាសន៍ថា ប្រឡាយទួល ពង្រនេះ កន្លងមកមានការជួបប្រទះនូវការជន់លិចដោយគ្រោះធម្មជាតិ ដោយមានការកកស្ទះចរន្ត ទឹកនៅកន្លែង មួយចំនួន ដែល ទាមទារឱ្យមានការ ស្តារប្រឡាយឡើងវិញ ដើម្បីដោះស្រាយ បញ្ហាប្រឈម នាពេលខាងមុខ។ នៅទីតាំងខ្លះក៏បាន កាយលើដីឯកជនស្របច្បាប់របស់ប្រជាពលរដ្ឋ ប៉ុន្តែស្ថិតក្នុងសភាព ការណ៍គ្រោះមហន្តរាយ ហើយការកាយនេះ ក៏មិនមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ពួកគាត់ឡើយ ដោយប្រជាពលរដ្ឋមើល ឃើញពី តម្រូវការនិងបាន អនុញ្ញាតឱ្យមានការកាយ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ថា ប្រឡាយទួលពង្រនេះ ត្រូវបានបែងចែកជា២ គឺទួលពង្រទី១ និងទួលពង្រទី២ ដែល មួយប្រឡាយៗមាន ប្រវែងជាង៤គីឡូម៉ែត្រ។ លោកបញ្ជាក់ថា ប្រឡាយនេះមានតួនាទីសំខាន់ក្នុងការរំដោះទឹកនៅតំបន់បូរី ពិភពថ្មីត្រពាំងថ្លឹង និងតំបន់ជុំវិញនេះ ខណៈដែលកាលពីរដូវវស្សាឆ្នាំទៅតំបន់នេះរងការជន់លិចដោយ ជំនន់ទឹកភ្លៀង ប៉ុន្តែអាជ្ញាធរបានចុះអន្តរាគមន៍ ដោះស្រាយបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានប្រឡាយចំនួន ៣៥ខ្សែ ក្នុងនោះប្រឡាយមេចំនួន១៧ខ្សែនិងប្រឡាយ រង ១៨ ខ្សែព្រមទាំងស្ថានីយបូមទឹកចំនួន១៤កន្លែង ៕