នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។

ថ្លែងបើកសម្ពោធការិយាល័យថ្មីនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប វាយតម្លៃថា៖ ចាប់ពីឆ្នាំ ២០ ០៤ នៃការបង្កើតសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ សមិទ្ធផលការងាររបស់ស្ថាប័នមួយនេះ បាន ជួយសម្របសម្របសម្រួល គាំទ្រ និងពង្រឹងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម។ល។ ប្រកបដោយវឌ្ឍនភាព ជាពិសេស គឺបានធ្វើឲ្យមានសកម្មភាពនៃការចូលរួមរបស់វិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបានរបស់រដ្ឋ និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។

ឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញផលិតកម្មដំណាំស្រូវ និងបន្លែនៅតាមមូលដ្ឋាន និងតំបន់ដែលមានសក្តានុពលកសិកម្មរបស់ខេត្ត ព្រមទាំងមានការជំរុញនូវផលិតកម្មសត្វ និងវារីវប្បកម្មតាមបែបបច្ចេកទេសថ្មី ដើម្បីលើកកម្ពស់ជិវភាពប្រជាពលរដ្ឋ ព្រមទាំងពង្រីកទំហំសេដ្ឋកិច្ចក្នុងខេត្ត ដែលជាឱកាសសម្រាប់ពាណិជ្ជករ និងវិនិយោគិនផងដែរ។ ទន្ទឹមនោះ ការស្ថាបនាផ្លូវថ្នល់៣៨ខ្សែ ដើម្បីកែលម្អសោភណ្ឌភាពក្នុងក្រុងសៀមរាប សម្រេចបានជាង១៤ភាគរយគិតមកដល់ពេលនេះ ដែលគម្រោងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើនដល់ឱកាសវិនិយោគនៅពេលការដ្ឋានបានបញ្ចប់ជាស្ថាពរ

លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ចកម្មមណ្ឌលសៀមរាប-ឧត្តរមាន័យ លើកឡើងថា ការិយាល័យសភាពាណិជ្ចកម្មថ្មីនេះ គឺជាចំណុចស្នូលដ៏មានសារសំខាន់ ដើម្បីគាំទ្រដល់អាជីវករ ពាណិជ្ជករ នៅក្នុងខេត្តទាំងពីរ សៀមរាប-ឧត្តរមានជ័យ តាមរយៈការជួយសម្របសម្រួល ជួយដោះស្រាយផលប៉ះពាល់ផ្សេងៗ និងទាក់ទាញវិនិយោគិន មកបណ្តាក់ទុនកាន់តែច្រើនបន្ថែមទៀត។ ជាមួយនោះ សភាពាណិជ្ជកម្មខេត្ត ក៏នឹងខិតខំបំពេញការងារបន្ថែមទៀត តាមរយៈជួយលើកស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនងជាមួយ ក្រសួងសភា ពាណិជ្ជកម្មកម្ពុជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។