ខេត្តកណ្ដាល៖ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុងតាខ្មៅ កម្លាំងមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការឃាត់រថយន្តដែលគ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមានវិធានការទន់ភ្លន់ និងម៉ឺងម៉ាត់ ដោយអនុវត្តតាមលិខិតរបស់រដ្ឋបាលខេត្ត លេខ០០២ ស.ស.រ ស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូន ដីខ្សាច់ គ្រួស ថ្ម មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងគ្រប់មធ្យោបាយដឹកជញ្ជូនដែលឆ្លងកាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំបែបនេះ ក្នុងឱកាសឯកឧត្ដមដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូន  មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងគ្រប់មធ្យោបាយដឹកជញ្ជូនដែលឆ្លងកាត់ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃ១៩ ខែមករា ឆ្នាំ២០២១ នៅសាលាខត្តកណ្ដាល។ ដែរកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ មន្ទីរជំនាញពាក់ព័ន្ធ កងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុងតាខ្មៅ និងម្ចាស់អាជីកម្មដេប៉ូ ដីខ្សាច់ គ្រួស ថ្ម ទាំងអស់ក្នុងក្រុងតាខ្មៅផងដែរ។

ឯកឧត្ដមបន្តថា បញ្ហារថយន្តដឹក ដីខ្សាច់ គ្រួស ថ្ម នៅក្រុងតាខ្មៅ ដែលបានបង្ករ និងធ្វើអោយប៉ះពាល់សណ្ដាប់ ធ្នាប់សាធារណៈ បរិស្ថាន ព្រមទាំបណ្ដាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ និងស្ទះចរាចរណ៍ជាញឹកញាប់ ពិសេសធ្វើអោយហុយ រំខានការប្រកបរបររកស៊ីប្រចាំថ្ងៃ និងបណ្ដាលអោយខូចសុខភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។ ដូច្នេះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងតាខ្មៅ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវទប់ស្កាត់ការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់កំណត់ ដោយធ្វើការអប់រំផ្សព្វផ្សាយ និងធ្វើកិច្ចសន្យា ក្នុងករណីមិនរៀងចាលត្រូវឃាត់អនុវត្តតាមច្បាប់ អោយមានប្រសិទ្ធភាពខ្ពស់។

ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្ដម នៃ ចារី បានសំណូមពរដល់ម្ចាស់ដេប៉ូទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរជំនាញ ក្នុងការសម្អាតតាមដងផ្លូវនានាក្នុងក្រុងតាខ្មៅ សំដៅលើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។