ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីបញ្ហា ការខូចខាតផ្លូវ ការកកស្ទះចរាចរ ណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការអ៊ុតកៅស៊ូប្រភេទAC ផ្លូវចំនួន០៨ខ្សែក្នុងចំណោម១៦ខ្សែ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រើប្រាស់កញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលឲ្យបានល្អប្រសើរ។

ជាក់ស្ដែងនៅវេលាម៉ោង១០ព្រឹក ថ្ងៃពុធ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និងមន្ត្រីជំនាញ បានបន្តអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ ចំនួន០៨ខ្សែ រួចរាល់ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោរភ័ណ្ឌភាពទីក្រុងផងដែរ។

ជាចុងក្រោយ អាជ្ញាធសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវ ចូលរួមសហការជាមួយអាជ្ញាធ កុំបានផ្លូវធំទូលាយ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ។ បន្ថែមទៀតនោះ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕