ភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតទ្វារជ័រ និងពិដានមួយកន្លែងត្រូវបានអគ្គិភ័យឆេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៥ និង៤០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយតាអុក ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃ្លាំងសិប្បកម្មដែលត្រូវឆាបឆេះគឺសាងសង់ឡើងពីដែកប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះចាន់ណារឹទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅក្បែរសិប្បកម្មកើតហេតុ ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុក្រុមកម្មករបានធ្វើការផ្សារដំបូលនៅចំណុចឃ្លាំងស្តុកថ្នាំពណ៌ ដោយមិនប្រយ័ត្ន បណ្តាលអោយខ្ទាតផ្កាភ្លើង ទៅត្រូវនឹងជ័រផ្លាសស្ទិចដែលនៅក្បែរនោះ ក៏បង្កឲ្យមានភ្លើងឆាបឆេះឡើងខ្លាំងតែម្ដង ។ ភ្លាមៗនោះក្រុមកម្មករបាននាំគ្នាស្រវេស្រវារត់ចេញមកខាងក្រៅនិងរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានចុះអន្តរាគមន៍ ។

ក្រោយការទទួលព័ត៌មាន ក្រុមអាជ្ញាធរមូលដ្ឋាន រួមជាមួុយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍សង្គ្រោះ ។ ក្រោយការអន្តរាគមន៍ប្រមាណជិតមួយម៉ោងមក អណ្តាភ្លើងត្រូវបានរលត់សូនសុងទៅវិញ ដោយបានឆាបឆេះបំផ្លាញ ឃ្លាំងស្តុកថ្នាំពណ៌ រូមជាមួយនឹងសម្ភារះគ្រឿងជ័រ និងពិដានមួយចំនួនធំផងដែរ ។ ក្នុងនោះ ក៏បានបង្កឲ្យមនុស្ស ២នាក់រងរបួសផងដែរ ដែលជាកម្មករនៅធ្វើការនៅទីតាំងខាងលើ ។

ក្នុងករណីនេះ សមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់២៨គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ៕