(រតនគិរី)៖ ដើម្បីជួយសម្រួលដល់ការជួសជុលថែទាំផ្លូវថ្នល់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់គ្រឿងចក្រដ៏ថ្មីស្រឡាង ចំនួន៨គ្រឿង ជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី, ជាមួយនឹងការទទួលបានគ្រឿងចក្រថ្មីស្រឡាងនេះលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក៏បានប្តេជ្ញាចិត្តថែទាំឲ្យបានល្អ និងប្រើប្រាស់ឲ្យចំគោលដៅសម្រាប់ បម្រើតាមតម្រូវការប្រជាពលរដ្ឋនៅក្នុងខេត្តផងដែរ។

លោក សាយ សាមាន បានប្តេជ្ញាចិត្តបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

លោក សាយ សាមាន បន្តថា បន្ទាប់ពីគ្រឿងចក្រដឹកមកដល់មន្ទីររួចហើយ លោកព្រមទាំងបុគ្គលិកមន្ទីរសាធារណការទាំងអស់ និងយកគ្រឿងចក្រនេះ ទៅប្រើប្រាស់ឱ្យអស់លទ្ធភាព និងចំគោលដៅ ដើម្បីបំពេញរាល់តម្រូវរាល់តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សាយ សាមាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានយកចិត្តទុកដាក់ ផ្តល់គ្រឿងចក្រ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តាលខេត្ត ដើម្បីទុកប្រើប្រាស់ដើម្បីបំរើជាប្រយោជន៍រួមផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែកជូននូវគ្រឿងចក្រសម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាលខេត្តមួយចំនួន៨គ្រឿង ទាំង២៥រាជធានី-ខេត្តផងដែរ៕