ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃ អង្គារ៥រោច ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២ខែកុម្ភៈ ឆ្នាំ ២០២១ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ ទាំងអស់ក្នុងខេត្តព្រះសីហនុ ដោយក្រោមអធិបតីភាពឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានដឹកនាំកិច្ចប្រជុំខាងលើនេះ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមហ៊ុនស្ថាបនាផ្លូវ ក្រុមហ៊ុនអ៊ុតបេទីម ក្រុមហ៊ុនបំពាក់កាំម៉េរ៉ាសុវត្តិភាព ក្រុមហ៊ុនបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ក្រុមហ៊ុនគូសគំនូសចរាចរណ៍ ក្រុមហ៊ុនបំពាក់ភ្លើងចរាចរណ៍ និងក្រុមហ៊ុនដាំដើមឈើ។

ហើយនៅក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុននីមួយៗបានសន្យាពន្លឿនសកម្មភាពក្នុងការងាររបស់ខ្លួនឱ្យរួចរាល់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយឡែកការងារគូសគំនូសចរាចរណ៍គ្រោងបញ្ចប់ការងាររបស់ខ្លួននៅចុងខែមីនាខាងមុខ ។

នាឱកាសនោះផងដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ជម្រុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ខាងមុខ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២១។ ហើយក្នុងផងដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណអរគុណដល់ក្រុមហ៊ុនទាំងអស់ដែលកំពុងស្ថាបនាផ្លូវ ទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ បានសន្យាធ្វើការកែសម្រួលពេលវេលា ដោយយកចិត្តទុកដាក់អនុវត្តបន្ថែមម៉ោងការងារដោយទទួលការខុសត្រូវខ្ពស់ នៅក្នុងនោះផងដែរឯកឧត្តមក៏បានបញ្ជាក់ថាម្យ៉ាងទៀតក្រុមហ៊ុនត្រូវសំអាតសំណល់ចេញពីការដ្ឋានរៀងៗខ្លួនដែលនៅសេស សល់ឱ្យបានស្អាតផងដែរ៕