(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចចេញអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានទំហំ ៣,៥៥៧ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រៃ វែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើយោងតាមអនុក្រឹត្យ ដែលអង្គភាពព័ត៌ មាន ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ មានគោលបំណងដូចតទៅ៖

* ធានាការថែរក្សា និងការការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌
* ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
* រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ
* បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់
* បង្កើន និងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ
* លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹង ស្នេហ៍។

អនុក្រឹត្យដដែលបានបញ្ជាក់ថា ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើន យ៉ាង ទួលព័ន្ធតាឡី បឹងស្នេហ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង សហគមន៍មូល ដ្ឋានពាក់ព័ន្ធ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕