ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសំណូមពរ ដល់ក្រុមហ៊ុនដឹកជញ្ជូន កុំកែច្នៃយានយន្តខុស លក្ខណៈបច្ចេកទេសដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស កុំ ដឹកទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ព្រោះនាំឲ្យផ្លូវឆាប់ខូច។ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សំណូមពរដល់ ក្រុមហ៊ុនដឹកជញ្ជូនកុំកែច្នៃយាន យន្តខុសលក្ខណៈបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ និងសូមកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឲ្យផ្លូវឆាប់ ខូច ដោយបានលើកឡើងនូវរូបមន្តដូចតទៅនេះ៖ ឧទាហរណ៍ច្បាប់ អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើង ដឹក ៤០តោន លើស ១០តោន នោះគេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១. ០០០ យក ១.០០០ គុណនឹង ១០ ស្មើនឹង ១០.០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០.០០០ គ្រឿងដឹកទំនិញលើផ្លូវយើង» ។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រីសាធារណការ បានឲ្យដឹងថា ក្រសួងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿងសម្រាប់ ផ្តល់ជូនមន្ទីរសាធារណការ២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានទទួលជំនួយឥត សំណងជាគ្រឿងចក្រ សម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន ១៥គ្រឿងពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់JICA ។

ជាងនេះទៅទៀត ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្នុងវិស័យដឹកជញ្ជូន ដែលក្នុងនោះមាន៖ ការលើកកម្ពស់គុណភាពផ្លូវ ពីប្រភេទកៅស៊ូពីរ ស្រទាប់ស្ដើងទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវនិងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿន លឿន ស្ពាន ការងារផ្លូវដែក ការងារកំពង់ផែ ការងារប្រព័ន្ធចម្រោះទឹកកខ្វក់ ការងារដឹកជញ្ជូន ការដឹក ជញ្ជូនសាធារណៈ ការងារដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រ ការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ការងារដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ការងារភស្តុភាកម្ម ការងារព័ត៌មានវិទ្យា ការងារកំណែទម្រង់ ស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្ស ការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផងដែរ ៕