ខេត្តព្រះសីហនុ៖ អបអរសាទរខួបកំណើតកាកបាទក្រហមកម្ពុជា ថ្ងៃ១៨កុម្ភៈ១៩៥៥-២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបង្កើតកម្មវិធីចូលរួមសំអាតបរិស្ថានតាមឆ្នេរអារីស្តុន និងឆ្នេរអូរត្រេះ ដោយក្រោមការអញ្ជើញជាអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មការធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ សមាជិក សមាជិកា គណៈកម្មាធិការសាខា និងគណៈកម្មាធិការអនុសាខាក្រុងព្រះសី​ហនុ ព្រមទាំងក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងលោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស ជាច្រើនរូប ហើយវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះផងដែរលោក គាំ សុខុម នាយកសាខា បានអានរបាយការណ៍ និងខ្លឹមសាររបស់កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ១៩៥៥ ដែលមានឈ្មោះថា សមាគមជាតិកាកបាទក្រហមខ្មែរបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងជាជំនួយការអោយអាជ្ញាធរសាធារណៈ  ហើយកាកបាទក្រហមកម្ពុជាទទួលស្គាល់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៨ បានឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងបានទទួលស្គាល់ជាអន្តរជាតិពីគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ និងបានចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០។

ហើយក្នុងកាកបាទក្រហមកម្ពុជា ជាសមាគមជាតិមួយ នៃសមាគមជាតិចំនួន ១៨៩ប្រទេស មកទល់នឹងឆ្នាំ២០១៥ ក្រោយពីមានការបាត់បងគោលការណ៍ឯកភាព នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២ ព្រះករុណា ព្រះសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជាបិតាជាតិខ្មែរ បានឡាយព្រះហស្តលេខាលើ ព្រះរាជក្រិត្យពីរ គឺៈ

១-ព្រះរាជក្រិត្យលេខ នស,រកត ,០៥០២,១១៣ ស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា ។

២-ព្រះរាជ្យក្រិត្យលេខ នស,រកត,០៥០២,១១២ ស្តីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

បច្ចប្បន្នក្នុងការទទួលស្គាល់សកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបមេរោគអេដស៍/ជម្ងឺអេដស៍ ពីអង្គការ UNDP/UNAIDS និងវេទិការនៃភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក បានប្រគល់ជូនសម្តេចនូវគោរមងារមួយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ គោរមងារនោះគឺ៖ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជម្ងឺអេដស៍នៅកម្ពុជា។

ហើយដោយក្នុងការទទួលស្គាល់ស្នាដៃសម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះសមិទ្ធិផលជា ប្រវត្តិសាស្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាមានឈ្មោះថា ជាតូបការ និងបានទទួលសញ្ញាប័ត្របណ្ឌឹតកិត្តិយសផ្នែកមនុស្សធម៌ ពីប្រទេសជប៉ុន ព្រមទាំងសញ្ញាប័ត្រកិត្តិយសផ្នែកសេដ្ឋកិច្ច ពីសកលវិទ្យាល័យស្រ្ពី ក្រុងសេអ៊ូល ប្រទេសកូរ៉េ។

នាឱកាសនោះផងដែរឯកឧត្តម ម៉ាង សុីណេត អនុប្រធានគណៈកម្មការធិការសាខាខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសិស្សានុសិស្សនៅក្នុងក្រុងព្រះសីហនុ ដែលបានចូលរួមសំអាតបរិស្ថានតាមឆ្នេរអារីស្តុន និងឆ្នេរអូរត្រេះ ទាំងអស់នេះហើយដោយមានការចូលរួមពីប្អូនយុវជន និងសិស្សានុសិស្សទាំងអស់ដើម្បីបំផុសនៅការសម្អាត បរិស្ថានទីក្រុងរបស់យើងដែលជាខេត្តស៊ីវីល័យ យើងត្រូវដើរទៅតាមសភាពការណ៍ នៃការអភិវឌ្ឍន៍ យើងត្រូវចូលរួមអភិវឌ្ឍន៍សង្គមឲ្យបានល្អប្រសើរ និងត្រូវបង្កើនចំណេះដឹងរបស់យើង ដើម្បីងាយស្រួលក្នុងការធ្វើការជាមួយអ្នកវិនិយោគដែលមកបណ្ដាក់ទុនក្នុងខេត្តរបស់យើង។

ហើយក្នុងនោះផងដែរឯកឧត្តម ក៏បានលើកឡើងពីអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្អូនៗសិស្សានុសិស្ស ប្រសិនបើ ប្អូនៗប្រលងចប់ថ្នាក់ទី១២ ដែលមិនមានលទ្ធភាពរៀនបន្តទំនាក់ទំនងមកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងទំនាក់ទំនងឯកឧត្តមផ្ទាល់ នឹងផ្ដល់ជូននូវអាហារូបករណ៍របស់សម្ដេចឱ្យប្អូនៗបានរៀនបន្តចប់ចុងចប់ដើម៕