(ភ្នំពេញ)៖ បញ្ជាការដ្ឋានអង្គរក្ស នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ឈ្មោះ អុឹម សុវណ្ណារិទ្ធ ដែលជាជនល្មើសក្នុងហេតុការណ៍ប្លន់ចាប់ជំរិត នៅបុរីអង្គរភ្នំពេញ ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។

លិខិតបដិសេធរបស់ស្នងការដ្ឋានបុគ្គល-បណ្ដុះបណ្ដាលនៃបញ្ជាការដ្ឋានអង្គរក្សដែលបណ្ដាញព័ត៌មាន  ទទួលបានអះអាងថាឈ្មោះ អុឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយនោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ មិនមែនប័ណ្ណដែលចេញដោយបញ្ជា ការដ្ឋានអង្គរក្សនោះទេ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅ វិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ៕