នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការបច្ចេកទេសចុះពិនិត្យ ដំណើរការសាងសង់ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយបានផ្តោតសំខាន់ ទៅលើប្រព័ន្ធលូបង្ហូរទឹក និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់នៅតាមការ ដ្ឋាន លើដងផ្លូវ។

លោកអភិបាលរងខេត្ត បង្ហាញថា ការចុះពិនិត្យនាពេលនេះ គឺដើម្បីធានានូវគុណភាពនៃការសាងសង់ផ្លូវជារួម ស្របតាមលក្ខណៈបច្ចេកទេស និងភាពរឹងមាំបានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងសម្រេចការ ងារឱ្យបានទាន់ពេលវេលា។

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ាន់ ភិរុណ បានសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ មានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដូចជា ការកាត់ផ្ដាច់ចរន្តអគ្គិសនី បណ្ដាញទឹកស្អាត ប្រព័ន្ធអ៊ិនធើណិតជាដើម ព្រមទាំងការបិទចរាចរណ៍ជាបណ្តោះអាសន្ន អំឡុងពេលនៃដំណើរការសាងសង់ផ្លូវនេះផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២0 ខែកុម្ភៈ ដំណើរការសាងសង់នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានចំនួន ១៨ភាគរយ។ តាមការបញ្ជាក់ របស់ក្រុមការងារបច្ចេកទេស បច្ចុប្បន្នក្រុមការងារសាងសង់ជំនាញ បាននិងកំពុងពង្រឹងលើគុណភាពគ្រឹះផ្លូវ និងរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូបញ្ចេញទឹកកខ្វក់។

គួររំលឹកដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដាក់ចេញនូវអនុសាសន៍ សម្រាប់អង្គភាពប្រតិបត្តិការគម្រោងទាំងអស់ ត្រូវយកចិត្តទុក ដាក់ សហការជាមួយកម្លាំងសមត្ថកិច្ច ប្រើប្រាស់ឲ្យអស់លទ្ធភាព សម្រួលចរាចរណ៍ ចៀសវាងការបិទផ្លូវទាំងស្រុង ដោយបង្កើតឲ្យមានផ្លូវវាង សម្រួលសតិអារម្មណ៍ប្រជាពលរដ្ឋ ដែលរីករាយ ទៅនឹងសមិទ្ធផលថ្មី ផ្ដល់ដោយរាជរដ្ឋាភិបាល៕