កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19 ខេត្តកំពង់ចាម បានថ្លែងបែបនេះក្រោយពីបញ្ចប់កិច្ចប្រជុំនាសាលាខេត្ត ហើយចុះពិនិត្យមើល ការហូបចុក និងការស្នាក់នៅរបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគកំពង់ចាម ដែលស្ថិតនៅក្រុងកំពង់ចាមខេត្តកំពង់ចាម ឲ្យបានសមរម្យ និងសុវត្ថិភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19 ខេត្តកំពង់ចាមសូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ឲ្យជួយតាមថែរក្សាបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលខេត្តកំពង់ចាម ក៏នៅទូទាំងប្រទេសឲ្យ រួចផុតពីការឆ្លងជំងឺ covid-19 ទាំងអស់គ្នា។ហើយសូមនុំពរអោយ ពុកម៉ែ បងប្អូន ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងគ្នាគឺ 3កុំ និង 3ការពារ។
បើតាមលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹង ថា មណ្ឌលចត្តាឡីស័កកម្រិត២ របស់ខេត្ត មានអ្នកធ្វើចត្តាឡីស័ក សរុបចំនួន ៣៤៤ នាក់ ក្នុងនោះស្រីចំនួន ១៤៩ នាក់ ក៏ប៉ុន្តែចំនួននេះ បានឡើងចុះ រហ័សមិនទៀងទាត់ បើខាងពីព្រំដែនថៃ បញ្ជួនមកច្រើន កើនឡើងភ្លាម និងបើលទ្ធផល សំណាក របស់ខាងពលករ បង្ហាញអវិជ្ជមានច្រើន គឺថយចុះ គឺយើងអនុញ្ញាតឱ្យពួកគាត់ ត្រឡប់ទៅកាន់ លំនៅស្ថានរៀងៗ ខ្លួន។
លោកនាយករដ្ឋបាល បានបន្តឱ្យដឹងទៀតថា ជាក់ស្តែង នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណ:កម្មការខេត្ត ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ.១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាមនោះ គឺមានលទ្ធផលសំណាកពីខាងវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា អវិជ្ជមានវិរុសកូវីដ.១៩ចំនួនជាង ៧០ នាក់ ត្រូវបានអនុញ្ញាត ឱ្យវិល ត្រឡប់ ទៅផ្ទះពួកគាត់។ សូមបញ្ជាក់ថា ខេត្តកំពង់ចាម មានមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួនពីរ កន្លែងនៅ សណ្ឋាគារមេគង្គគ្រែ ចំនួន ១៤២ និងនៅមជ្ឈមណ្ឌល គរុកោសល្យ ភូមិភាគកំពង់ចាម មានគ្រែចំនួន ៤៤៣។ ដោយមានកន្លែង សម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ.១៩ នៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម៕