ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រួមជាមួយមន្ត្រីជំនាញ​​​ពាក់ព័ន្ធ បានអញ្ជើញចុះតាមដានពិនិត្យ ការងារOverlay បេតុងកៅស៊ូAC នៅលើកំណាត់ផ្លូវជាតិ​លេខ​៥ ចំនួន០២កំណាត់ ប្រវែងសរុប ៧២០០ម៉ែត្រ និងទទឹង១០ម៉ែត្រ ចាប់ពីចំណុចរង្វង់មូលលោកយាយទេព រហូតដល់ចំណុចការ៉ាសសាំង ហេង ឆៃលី ជាប់ផ្លូវហៃវ៉េ ក្នុងស្រុកសង្កែ។

ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានលើកឡើងថា ក្នុងការចុះតាមដានពិនិត្យការងារOverlay បេតុងកៅស៊ូAC នៅលើកំណាត់ផ្លូវជាតិលេខ៥ នាពេលនេះគោលបំណងជម្រុញដល់ក្រុមការងារអោយអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេសដើម្បីអោយផ្លូវមួយខ្សែនេះមានភាពស្រស់ស្អាត និងអាចប្រើប្រាស់បានយូរអង្វែងផងដែរ។

ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់បន្ថែមថា រយៈពេលនៃការជួសជុលកែលំអកំណាត់ផ្លូវជាតិលេខ៥នេះ គឺបានចាប់ផ្ដើមរយៈពេលមួយខែកន្លះជាប់មកហើយដោយមានពីរគន្លាក់ ដែលគន្លាក់ទីមួយគឺចាប់ផ្តើមពីរង្វង់មូលលោកយាយទេព រហូតមកដល់រង្វង់មូលដៃប្រាំបី និងមួយគន្លាក់ទៀតចាប់ពីរង្វង់មូលព្រាបស រហូតទៅដល់ការ៉ាសសាំង ហេង ឆៃលី ផ្លូវហៃវ៉េ ដែលជាផែនការរបស់ក្រសួងសាធារណការ និងការសងសង់ដោយមន្ទីរសាធារណការខេត្ត។

ហើយជាចុងក្រោយ ឯកឧត្តមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ក៏បានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រោយពេលដែលយើងស្ថាបនាផ្លូវកៅស៊ូនេះស្អាតល្អ និងមានសោភ័ណភាពល្អឥតខ្ចោះហើយនោះ សូមអោយបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ដោយធ្វើយ៉ាងណាការបើកបរត្រូវគោរពល្បឿនទៅតាមអ្វីដែលខាងក្រសួងយើងបានកំណត់ ថាត្រូវបើកប៉ុណ្ណេះក្នុងទីប្រជុំជន និងក្រៅទីប្រជុំជនត្រូវបើកប៉ុណ្ណា។