ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន កាលពីចុងសប្តាហ៍កន្លងទៅបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងជួបសំណេះសំ ណាល ជាមួយប្រជាពលរដ្ឋជាច្រើននាក់ មកពីច្រើនភូមិទទួលរងនូវការពុលម្ហូបអាហារ បណ្តាលឱ្យរាគរុស ក្អួតចង្អោរ បន្ទាប់ពីពួកគេបានហូបបង្អែមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែងនៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព និងសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជនក្បែរៗនោះ ។

ប្រជាពលរដ្ឋជាច្រើននាក់ មកពីច្រើនភូមិ ដែលកើតមានបញ្ហារាគរុស ក្អួតចង្អោរ សង្ស័យពុលបង្អែម នៅក្នុងរោងការមួយក្នុងភូមិព្រៃសន្ទះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃសន្ទះ ភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម ភូមិភ្នំព្រាល ភូមិកូនដំរី ភូមិដីស ភូមិផ្ទះស្បូវ ភូមិអូរគន្ធៀងវ៉ា និងភូមិផ្សេងៗ ជាច្រើនទៀត សរុបចំនួន៦៥នាក់ ។

នៅយប់ថ្ងៃកើតហេតុ អ្នកភូមិបានរៀបចំអាពាហ៍ពិពាហ៍កូនប្រុសកូនស្រីរបស់ខ្លួន ដោយចាប់ផ្តើម អញ្ជើញឱ្យភ្ញៀវហូបអាហារចាប់ពីវេលាម៉ោង៦យប់ រហូតដល់ម៉ោងប្រហែល១០យប់ លុះក្រោយពីហូបអាហាររួចជាបណ្តើរៗ ក្រុមអ្នករត់តុ បានលើកបង្អែម ពីកន្លែងចុងភៅ យកទៅដាក់ជូនឱ្យភ្ញៀវពិសា ។ពេលនោះ អ្នកខ្លះហូបនៅនឹងកន្លែងកម្មវិធី ខ្លះវេចខ្ចប់យកទៅផ្ញើអ្នកផ្ទះ ឪពុកម្តាយ កូនចៅ ។លុះគេនាំគ្នាហូបរួច ស្រាប់តែម្នាក់ៗ មាន​អាការ:ឈឺក្បាល វិលមុខ ក្អួតចង្អោរ និងរាគរុស បង្កឱ្យមានការភ្ញាក់ផ្អើល រហូតដល់គេប្រញាប់នាំគ្នាដឹក​យកទៅសម្រាកនៅគ្លីនិកឯកជនក្នុងឃុំស្ទឹងត្រង់ និងមណ្ឌលសុខភាពទាំងយប់តែម្តង ។

ក្រោយពីទទួលបាននូវដំណឹងពុលអាហារបែបនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងធ្វើការពិនិត្យមើលកន្លែងសម្រាកព្យាបាល ព្រមទាំងចាត់មន្រ្តីឱ្យសួរនាំនៅកន្លែងរោងការខាងលើផងដែរ ។

ជាមួយគ្នានោះដែរលោកជំទាវ អភិបាលខេត្ត ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាអនាម័យម្ហូប អាហារ លាងបន្លែនឹងទឹកស្អាត ព្រមទាំងរស់នៅស្អាត ហូបស្អាត ដើម្បីសុខភាពល្អ ដោយការពារប្រ សើរជាងព្យាបាល ។លើសពីនេះ លោកជំទាវអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យជនរងគ្រោះទាំងអស់ ត្រូវតែរក្សាការពារខ្លួនពីជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាសជាប្រចាំ លាងដៃនឹងទឹកអាល់កុល ឬជែល រក្សាគម្លាតពីគ្នាឱ្យបាន១ម៉ែត្រកន្លះ ។

ម្យ៉ាងវិញទៀត បើសិនជាមានករណីសង្ស័យថា កើតជម្ងឺកូវីដ១៩ ដ៏កាចសាហាវនេះ ត្រូវតែទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីប្រញាប់យកអ្នកជម្ងឺទៅពិនិត្យព្យាបាល ឱ្យបានទាន់ពេលវេលា ជៀសវាងបន្តការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ៕