កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើ​ញ​ចុះពិនិត្យមើលការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម  និងផ្សារសាមគ្គី  ស្ថិតនៅក្រុងកំពង់​ចាម  តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីមានអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារខាងលើនេះ នាពេលកន្លងមក។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមសូម ពុកម៉ែ បងប្អូនអាជីវករយើង បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់  ដោយត្រូវចូលរួម អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ជាមួយគ្នានោះរដ្ឋបាលសាលាខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន របស់ ខ្លួនដែលមានកម្រាស់ បួន ទំព័រ កាលពីថ្ងៃទី ២៨ មីនាផងដែរ ដោយបានបញ្ជាក់ថា ក្នុងនោះពាក់ព័ន្ធនឹងស្ត្រីអាយុ ៤៥ ឆ្នាំម្នាក់ មានវិជ្ជមានកូវីដ ១៩ រស់នៅភូមិសង្កើប ឃុំសម្បូរ ស្រុកបាធាយ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ថ្ងៃទី ២៨ មីនា គឺមានអ្នកប៉ះពាល់ ផ្ទាល់ បឋមចំនួន ៦នាក់ និងប្រយោលចំនួន ៣៤នាក់។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថាៈ ដោយឡែក ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារ របស់មន្ត្រីនគរបាល ខេត្តត្បូងឃ្មុំម្នាក់ មានផ្ទុកជំងឺកូវីដ ១៩ ចំនួន បួន នាក់ កំពុងព្យាបាល នៅមន្ទីរពេទ្យខេត្តនេះដែរ នៅថ្ងៃទី ២៨ មីនា គឺមានអ្នកប៉ះពាល់ផ្ទាល់ បឋមចំនួន ២០នាក់។

ប្រភពព័ត៌មានដដែល បានបន្តែមថា ចំណែកអ្នកជាប់ពាក់ព័ន្ធនឹងបុរស អាយុ ៧៤ ឆ្នាំ ដែលមានទីលំនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលមានផ្ទុកជំងឺកូវីដ ១៩ បានចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ មីនា គឺមានការប៉ះពាល់ផ្ទាល់ បឋមចំនួន បួន នាក់ និងប្រយោលចំនួន ១៦នាក់។

ជាមួយនោះ អាជ្ញាធរខេត្ត បានចាត់វិធានការបន្ទាន់ គឺប្រមូលយក សំណាក ពីអ្នកប៉ះពាល់ផ្ទាល់ និងបានបញ្ជួន មកធ្វើចត្តាឡីស័ក របស់រដ្ឋបាលខេត្ត រួចរាល់ហើយ។ រីឯអ្នកប៉ះពាល់ប្រយោល ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន និងបានសម្រេច ផ្អាកជាបណ្តោះអាសន្ន នូវទីតាំងដែលមានហានិភ័យខ្ពស់ ចំនួន ១៣ កន្លែង គឺនៅក្រុងកំពង់ចាម ចំនួន ១២ កន្លែងក្នុងនោះរួមមាន(តូបចំនួន៩ ក្នុងផ្សារធំព្រមទាំងមួយកន្លែងនៅផ្សារសាមគ្គី គ្លីនិក ២កន្លែង)និងនៅមណ្ឌលសុខភាព ឃុំខ្ពបតាងួន ចំនួនមួយ កន្លែងទៀត ៕

ហាក់ចំណុច កំពង់ចាម