ខេត្តបាត់ដំបង៖ បើមិនមានអ្វីប្រែប្រួលនោះទេអាជ្ញាធរខេត្តបាត់ដំបងប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ បានព្រមព្រៀងគ្នារួចរាល់ហើយ ដោយកំណត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ នឹង បើកអោយដំណើរការឡើងវិញនូវច្រក៤០០ជាច្រកព្រំដែនថ្នាក់តំបន់ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ឈមនឹងស្រុកបរ៉ៃ ប្រទេសថៃ ខណៈដែលច្រកមួយនេះត្រូវបានបិទកាលពីឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវិដ-១៩ ។

យោងតាមការលើកឡើងពីសមត្ថកិច្ចច្រកតំបន់៤០០ បានឲ្យដឹងថា ការឲ្យបើកដំណើរការឆ្លងកាត់ឡើងវិញនូវច្រកតំបន់មួយនេះ គឺអនុញ្ញាតគ្រាន់តែការដឹកទំនិញ ដោយកំណត់មួយរថយន្តមានត្រឹមតែមនុស្ស២នាក់ និងមានការពិនិត្យសុខភាពត្រឹមត្រូវពីមន្ត្រីជំនាញ ហើយទំនិញត្រូវដោះដូរត្រឹមតែច្រកព្រំដែនប៉ុណ្ណោះ និងមានការកំណត់ពេលវេលាច្បាស់លាស់ផងដែរ ។

សមត្ថកិច្ចបន្តថា ចំពោះទំនិញភាគច្រើនដែលនាំចូលពីប្រទេសថៃមកកម្ពុជាមានដូចជាគ្រឿងសមុទ្រ ផ្លែឈើ និងជីធ្វើកសិកម្មជាដើម ខណៈកម្ពុជានាំទៅវិញ មានផលកសិកម្មមួយចំនួន ហើយក្នុងភូមិសាស្ត្រនេះ ពុំមានសកម្មភាពពលករលួចឆ្លងដែនពីប្រទេសថៃនោះទេ ។

ក្នុងពេលចុះពិនិត្យស្ថានភាពព្រំដែនស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូតនាចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រាល់ការដឹកទំនិញចេញចូល ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់បំផុត ពិសេសខ្លាចមានការនាំពលករលួចលាក់បង្កប់ក្នុងរថយន្តដឹកទំនិញបង្កឲ្យមានហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមសង្កត់ធ្ងន់ថា ចំពោះអ្នកជិះរថយន្តដឹកទំនិញនេះត្រូវពិនិត្យមុខនិងអត្តសញ្ញាណប័ណ្ណឲ្យបានច្បាស់លាស់បំផុត ខ្លាចពេលទៅអ្នករួមដំណើរជាមួយតៃកុងរថយន្តមនុស្សផ្សេង ចេញមកវិញមនុស្សផ្សេង ដោយមានការដោះដូរមនុស្សបំភ័នភ្នែកសមត្ថកិច្ច ហើយចំពោះផ្លូវសូមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ពិនិត្យធ្វើសំណើទៅថ្នាក់ជាតិ ឬក្រសួង ដើម្បីធ្វើការជួសជុលកែលម្អបន្ថែម ។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ ក៏បានជំរុញបន្ថែមដល់កម្លាំងការពារព្រំដែនបន្តរឹតបន្តឹងការធ្វើដំណើរលួចឆ្លងដែន ខណៈរដូវចូលឆ្នាំប្រពៃណីជាតិកាន់តែគៀកឈានជិតមកដល់នោះ ដោយពិនិត្យឲ្យបានច្បាស់លាស់ម៉ត់ចត់បំផុត ខ្លាចមានសកម្មភាពពួកមេខ្យល់នាំពលករឆ្លងដែនខុសច្បាស់គេចវេសពីការធ្វើចត្តាឡីស័ក បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង និងអាជ្ញាធរប្រទេសថៃ បានព្រមព្រៀងគ្នាបើករួចរាល់ហើយ នូវច្រកព្រំដែនថ្នាក់តំបន់ចំនួន២ មានច្រកអូររំដួល និងច្រកអូរអន្លក់ ដោយមានការចរាចរណ៍ដឹកទំនិញចេញចូល ៕