ខេត្តព្រះសីហនុ៖ សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅតែបន្តចែកអំណោយជារៀងរាល់ថ្ងៃ ពីព្រោះដោយសារតែបងប្អូនប្រជាពលរដ្ឋបានទៅយកសំណាកជារៀងរាល់ថ្ងៃ គឺមានការកើនឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ ដោយហេតុដូចនេះហើយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារនោះទេ ក្នុងអំឡុងពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើចត្តាឡីស័ក ហេតុនេះហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក​បាទ​ក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហម​កម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាក ដូច្នេះហើយក៏បានចាត់ឲ្យលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងមន្ត្រីមូលដ្ឋាន ចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ១៨០គ្រួសារ ដែលរស់នៅភូមិ៣(ទំនប់រលក)សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) ហើយការចែកអំណោយនេះដែលបានរៀបចំឡើងនៅថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

នាឱកាសនោះផងដែរលោក គាំ សុខុម នាយកសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ហើយជាមួយគ្នានោះផងដែរលោក គាំ សុខុម នាយកសាខា បានអំពាវនាវសុំឲ្យក្រុមគ្រួសារទាំងអស់ចូលរួមយកសំណាកធ្វើតេស្តឲ្យបានគ្រប់គ្នា ហើយនិងពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារឆ្លងជំងឺកូវីដ-១៩ ជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ កុំ)(៣ ការពារ)
១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ ចំណែក(៣ កុំ)មាន ៖
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
ហើយសូមបញ្ជាក់ផងដែរថាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានមាន៖
អង្ករ ៣០គីឡូក្រាម, មី ១កេស ត្រីខ ១០កំប៉ុង,ទឹកត្រី ១យួរ , ប្រេងឆា ១ដប ,ម៉ាស ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕