(ភ្នំពេញ)៖អភិបាលរាជធានីភ្នំពេញ​ឯកឧត្តម ឃួង ស្រេង កាលពីរាត្រីថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ បានដឹកនាំមន្ត្រី និង អាជ្ញាធរខណ្ឌចំការមនបានចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមននិងនាំយកនូវស្បៀងអាហារមួយចំនួនទៅចែកជូនពួកគាត់នៅនឹងកន្លែងខណៈដែលពួកគាត់បានជួបការលំបាកក្នុងជីវភាព ក្នុងគ្រាដែលអាជ្ញាធរមូលដ្ឋានតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កបន្ទាប់ពីពួកគាត់មួយចំនួន បានប៉ះពាល់ដោយប្រយោលជាមួយនិងអ្នកវិជ្ជមានមេរោគកូវីដ១៩ ។

តាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលខណ្ឌចំការមនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅភូមិទី១៦ ក្នុងសង្កាត់ទន្លេបា សាក់នេះមានចំនួនជាង៣០០គ្រួសារ។ប៉ុន្តែប្រជាពលរដ្ឋដែលអាជ្ញាធរតម្រូវឲ្យធ្វើចត្តាឡីស័កមានជាង១៦០គ្រួសារ ប៉ុណ្ណោះ។ ដោយឡែកអ្នកវិជ្ជមានមេរោគកូវីដ១៩ ត្រូវបានអាជ្ញាធរ សហការជាមួយ ក្រុមគ្រូពេទ្យដឹកយកទៅធ្វើការ ព្យាបាលអស់ហើយដែរ។

ដោយការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតាមការចង្អុលណែនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបឯកឧត្តម អភិបា​លក៏បាន ចុះទៅដល់ទីតាំងខាងលើដើម្បីជួបបងប្អូននិងផ្តល់ស្បៀងអាហារមួយចំនួនជូនពួកគាត់ទាំង​យប់​ខណៈដែលប្រជាពល រដ្ឋទាំងនេះមានជីវភាពខ្វះខាត គ្រាដែលអាជ្ញាធរតម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែង ក្រោយ​រកឃើញអ្នកវិជ្ជមានកូវីដ១៩ ។អំណោយដែលបងប្អូនប្រជាពលរដ្ឋបានទទួលពី ឯកឧត្តម ឃួង ស្រេង គឺជា​អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម និងមីមួយ កេស ហើយឯកឧត្តម បានសន្យាជាមួយប្រជាពលរដ្ឋថា នៅព្រឹកស្អែកថ្ងៃទី៦ខែមេសានេះតែម្តង ឯកឧត្តមនឹងបន្ត ចែកសាច់ជ្រួកជូនចំនួន២គីឡូក្រាមក្នុងមួយគ្រួសារបន្ថែមទៀត ។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ពាក់ព័ន្ធនឹង ការអនុវត្តនូវវិធានការរដ្ឋបាលជាបណ្ដោះ អាសន្ន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺពោលគឺចាប់ផ្ដើមពីថ្ងៃទី០១ខែមេសាកន្លងមកឃើញថា ប្រជាពលរដ្ឋប្រមា​ណ៩៩ ភាគរយហើយដែលពួកគាត់បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញរបស់យើង ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ឯកឧត្តមបញ្ជាក់ថា ៖បើបងប្អូនប្រជាពលរដ្ឋចូលរួមសហការយ៉ាងសស្រាក់សស្រាំបែបនេះ ការបង្ការនិងទប់ ស្កាត់ជំងឺ -១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ វានឹងអាចបញ្ចប់ទៅបាននៅក្រោយចូលឆ្នាំប្រពៃណីជាតិ ៕