ព្រះសិរនៃព្រះវិស្ណុ ឬព្រះនារាយណ៍ ដែលធ្វើអំពីថ្មភក់មួយបំណែក មានកម្ពស់ ៣៨ សង់ទីម៉ែត្រ ទទឹង ២០ សង់ទីម៉ែត្រ និងកម្រាស់ ១៨ សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅខាងក្នុងប្រាង្គកណ្តាលនៃប្រាសាទត្រពាំង​ផុង ស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើតាមអាជ្ញាធរជាតិអប្សរាដែលបានបញ្ជាក់នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។

បំណែកព្រះសិរនៃព្រះវិស្ណុខាងលើនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះមានសល់ទ្រនុងចិញ្ចើម ភ្នែក ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានមកុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ បំណែកបដិមានេះដែរ ត្រូវបានរកឃើញដោយក្រុមការងារជួសជុលប្រាសាទត្រពាំងផុង នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះ ដែលអាចឱ្យយើង​ធ្វើការកំណត់សម្គាល់បានថាជាព្រះសិរព្រះវិស្ណុ ឬព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ ឬឥសូរ ហើយ​ក៏មិនមែនព្រះហរិហរៈ (ព្រះដែលសំយោគគ្នារវាងព្រះវិស្ណុ និងព្រះសិវៈ) នោះឡើយ។

បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាប័ទ្មគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀត គឺមកុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាប័ទ្មគូលែន។ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះ​ទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាប័ទ្មគូលែន ដែល​សង់​ឡើងនៅពាក់កណ្តាលសតវត្សទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៥០-៨៧៧) ដែលត្រូវជាបុត្ររបស់ព្រះបាទជ័យវ្ម័នទី២ (៨០២-៨៥០)។បើដូច្នេះមែននោះ គឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមាដែលបានរកឃើញ​នេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះ​តែម្តង មានន័យថា ពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។

ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ ដោយមានស្ថាបន័នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍រួចមក បំណែកចម្លាក់នោះបានដឹកយកទៅរក្សាទុកជាបណ្តោះអាសន្ត នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរកទិន្នន័យបំណែកផ្សេងៗទៀតផង ដែលអាចមានការជួសជុលនៅថ្ងៃខាងមុខ៕