ខេត្តបាត់ដំបង៖  យោងតាមកិច្ចប្រជុំកាលពីចុងសប្ដាហ៍កន្លងទៅរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងបើកដាក់អោយដំណើរការជាបណ្តោះអាសន្មនូវស្ពានថ្មថ្មីទន្ទឹមស្ពានបុរាណខាងមុខសាលាខេត្តអោយបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំការងាររដ្ឋបាលកាលពីចុងសប្តាហ៍កន្លងមកនេះឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងបានលើកឡើងថា៖ ក្រោយការសាងសង់ស្ពានថ្មថ្មីរួច ១០០% តាមការគ្រោងទុករដ្ឋបាលខេត្តបានពិនិត្យ និងសម្រេចយកពេលវេលាសមស្របមួយដើម្បីបើកឲ្យដំណើរការចរាចរណ៍ទៅមកជាបណ្តោះអាសន្ននូវស្ពានថ្មថ្មីមួយខ្សែដែលមានទីតាំងទន្ទឹមគ្នាជាមួយស្ពានបុរាណអាយុជាង ១០០ឆ្នាំជាផ្លូវការនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ថែមទាំងបានជំរុញដល់មន្ទីរជំនាញ ក៏ដូចជាសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឲ្យពិនិត្យពិចារណាលើខ្លឹមសាររួមនៃចំណុចសំខាន់ៗជាគន្លឹះលើការកែលម្អស្ពានខាងលើឲ្យសាកសមជាស្ពានកម្រិតស្តង់ដា ពិសេសការដាក់ស្លាកសញ្ញាពីការកំណត់ទិសឆ្លងស្ពាន ” ឯកទិស ” និងស្លាកសញ្ញាការហាមឃាត់ពីការធ្វើចរាចរណ៍ទៅមកឲ្យបានល្អងាយស្រួលដល់សាធារណជនឆ្លងកាត់បានស្រួលមិនមានភាពកកស្ទះ ឬគ្រោះថ្នាក់ផ្សេងៗ និងការដាក់កម្លាំងសមត្ថកិច្ចជំនាញដើម្បីធ្វើការទប់ស្កាត់ពីការបើកបរដោយមិនគោរពស្លាកសញ្ញាចរាចរណ៍ ការបើកបរដោយល្មើសស្លាកហាមឃាត់ដែលច្បាប់បានកំណត់។

ជាមួយគ្នានេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានគូសបញ្ជាក់​ផងដែរថា÷ សមិទ្ធិផលថ្មីជាចំណងដៃដល់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងលើនេះ ជាការតភ្ជាប់សរសៃឈាមមួយរវាងត្រើយខាងលិច និងត្រើយខាងកើតនៃស្ទឹងសង្កែដែលអាចសម្រួលចរាចរណ៍បាននូវយានយន្តគ្រប់ប្រភេទ ដែលជាសមិទ្ធិផលថ្មីមានទីតាំងនៅខាងមុខសាលាខេត្តនេះដែលមានឈ្មោះស្ពាន” ១៣មករា “ជាថ្ងៃរំដោះក្រុងបាត់ដំបងឡើងវិញពីរបរប្រល័យពូជសាសន៍ប៉ុលពត។

ស្ពាន ១៣មករាថ្មីដែលសម្ភោធដាក់ឲ្យប្រើប្រាស់ក្នុងរយ:ពេលដ៏ខ្លីខាងមុខនេះជាស្ពានឯកទិស ដោយអនុញ្ញាតិឲ្យធ្វើចរារណ៍បានតែពីទិសខាងលិច ឆ្ពោះទៅទិសខាងកើតតែប៉ុណ្ណោះ និងតម្រូវឲ្យធ្វើចរាចរណ៍ត្រឡប់មកវិញក្នុងទិសដៅពីកើតទៅលិចវិញនូវស្ពានក្បែរគ្នាមួយទៀតគឺស្ពានថ្ម ” សម្តេចតេជោ ហ៊ុន សែន “។

គួរបញ្ជាក់ថា ស្ពាន ១៣ មករា មានទីតាំងឋិតនៅប៉ែកខាងត្បូងនៃស្ពានបុរាណសម័យបារាំង មានចន្លោះពីគ្នាចំនួន៦ម៉ែត្រ ប្រវែងបណ្តោយចំនួន១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ប្រើប្រាស់ថវិកាចំនួនជាងកន្លះលានដុល្លាអាមេរិករបស់សប្បុរសខ្មែរនៅប្រទេសស្វីសមានស្រុកកំណើតនៅក្នុងស្រុកបាណន់តាមរយះការកៀរគរពីសម្តេច ក្រឡាហោម ស ខេង៕