(ពោធិ៍សាត់)៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរីករាលដាលដល់ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ដោយរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ និងស្ដ្រី២នាក់ ក្នុងនោះម្នាក់មានផ្ទៃពោះ​៩ខែ និងម្នាក់ទៀតមានផ្ទៃពោះ៦ខែ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃនេះ។

រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទទួលបានលទ្ធផលពិនិត្យសំណាកពី វិទ្យាស្ថានសុខភាពសាធារណៈ ឃើញថា មានពលករ និងប្រជាពលរដ្ឋចំនួន៣នាក់ មានលទ្ធផលវិជ្ជមានកូវីដ១៩

ដោយឡែកនៅ ខេត្តកំពតឯណោះវិញ​ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីជនជាតិខ្មែរម្នាក់ ឈ្មោះ ស៉ឹម ស៉ីមួយ អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។ នេះបើតាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ផ្ញើទៅកាន់អភិបាលខេត្តកំពត ដែលបណ្ដាញព័ត៌មាន ទទួលបាន។

ក្នុងលិខិតនោះ រដ្ឋបាលស្រុកកំពង់ត្រាច បានគូសបញ្ជាក់ថា ស្ដ្រីឈ្មោះ ស៉ឹម ស៉ីមួយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ​​​​២០២១ បានមកដល់លំនៅឋានស្ថិតក្នុងភូមិព្រៃព្រូស ឃុំព្រែកក្រឹស ហើយតាមការស្រាវជ្រាវស្ដ្រីរូបនេះ បានធ្វើដំណើរមកពីភ្នំពេញ ដោយម៉ូតូផ្ទាល់ខ្លួនជាមួយប្ដីឈ្មោះ គង់ ប្រុស។​

ចំពោះករណីខាងលើ រដ្ឋបាលខេត្ត ដោយមានក្រុមការងារស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបុគ្គល វិជ្ជមានកូវីដ១៩ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមកធ្វើចត្តាឡីស័ក ជៀសវាងឆ្លងចូលសហគមន៍​។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ១៩ ទាំង៣ រដ្ឋបាលខេត្ត ដោយមានមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនទៅសម្រាកព្យាបាលនៅទីកន្លែងក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដែលរៀបចំសម្រាប់អ្នកជំងឺកូវីដ១៩៕