មណ្ឌលគិរី. ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ ក្នុងកិច្ចប្រតិបត្តិការអនុវត្តផែនការ​យុទ្ធនា​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦​ ទូទាំងខេត្តមណ្ឌលគិរី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ បានសហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។

បានចុះបង្រ្កាបករណីដាំដុះដំណាំកញ្ឆាមួយកន្លែងស្ថិតនៅត្រង់ចំណុចចម្ការរបស់ឈ្មោះ មេីប​ អឿន​ នៅក្បែរមាត់អូរទេ​ ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ចំណែកជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់។ រីឯវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន៖ ដេីមកញ្ឆាទម្ងន់ ចំនួន​ ៣៨៤​ គីឡូក្រាម, ធុងបាញ់ថ្នាំចំនួន​ ០១,​ ធុងស្រោចដំណាំចំនួន​ ០១, ចបចំនួន​ ០៣, ម៉ាស៊ីនមូមទឹកចំនួន ០២ គ្រឿង​ និងដំណាំកូនកញ្ឆាតូចៗមួយចំនួនទៀតទើបនឹងដាំ​ ត្រូវបានកម្លាំងសមត្ថកិច្ចយើងបានធ្វើការបំផ្លាញ​ចោល​នៅនឹងកន្លែង។

ករណីនេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ បានយកវត្ថុតាងខាងលើមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ និងតាមស្វែងរកម្ចាស់ចំការខាងលើដេីម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់​ ៕