ខេត្តព្រះសីហនុ៖ សកម្មភាពចែកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃដូចនេះហើយ​បានឆ្លុះបញ្ចាំងឲ្យឃើញថាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ រងការលំបាកខ្វះខាតស្បៀងអាហារនោះទេ ដែលអំឡុងពេលបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើចត្តាឡីស័ក ដែលពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) នៅភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហេតុនេះហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាក ដូច្នេះហើយក៏បានចាត់ឲ្យលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងមន្ត្រីមូលដ្ឋាន ចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៦៧គ្រួសារ ហើយការចែកអំណោយនេះបានរៀបចំឡើងនៅថ្ងៃអង្គារ ៩រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

នាឱកាសនោះផងដែរលោក គាំ សុខុម នាយកសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ហើយជាមួយគ្នានោះផងដែរលោក គាំ សុខុម នាយកសាខា បានអំពាវនាវសុំឲ្យក្រុមគ្រួសារទាំងអស់ចូលរួមយកសំណាកធ្វើតេស្តឲ្យបានគ្រប់គ្នា ហើយនិងពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារឆ្លងជំងឺកូវីដ-១៩ ជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ កុំ)(៣ ការពារ)
១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ ចំណែក(៣ កុំ)មាន ៖
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
ហើយសូមបញ្ជាក់ផងដែរថាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានមាន៖
អង្ករ ៣០គីឡូក្រាម, មី ១កេស ត្រីខ ១០កំប៉ុង,ទឹកត្រី ១យួរ , ប្រេងឆា ១ដប ,ម៉ាស ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕