នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំបើកវគ្គបណ្តុះបណ្តាលដើមី្បគ្រប់គ្រងនូវទិន្នន័យអ្នកដំណើរ (Web App) ក្នុងការតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ជូនដល់មន្ត្រីពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីក្រុងស្រុកចំនួន ៤២នាក់ ដោយមានកិច្ចសហការណ៍ជាមួយសាលាអន្តរជាតិ Go Global ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលដៅចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរ (Web App) ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ទាំងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីព្រំដែន និងតាមបណ្តារាជធានីខេត្តនានា ដើមី្បធ្វើការតាមដានស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ក្នុងសហគមន៍ ជាពិសេសជួយសម្រួលដល់ការងាររបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ-១៩ ខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា កម្មវិធីនេះមិនត្រឹមតែជួយសម្រួលដល់ការងារទប់ស្កាត់ការរីករាល​ដាលនៃជម្ងឺកូវីដ-១៩ តែប៉ុណ្ណោះទេ ក៏ជាការសាកល្បងនាំមុខមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ដើម្បីរួមចំណែក​ក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាក្នុងវិស័យរដ្ឋបាលសាធារណៈ ស្របតាមបរិបទសមាហរណកម្មអាស៊ាន និងសកលភាវូបនីយកម្ម។ លោកសង្ឃឹមថា ក្នុងការអនុវត្តកម្មវិធីនេះខេត្តសៀមរាបនឹងទទួលបានបទពិសោធន៍ជោគជ័យ ក្នុងការគ្រប់គ្រងទិន្នន័យ និងទប់ស្កាត់ជម្ងឺកូវីត-១៩ក្នុងសហគមន៍ និងក្លាយជាខេត្តលេចធ្លោមួយដែលរដ្ឋបាលខេត្តផ្សេងៗ អាចយកជាបទពិសោធន៍ និងគំរូអនុវត្តតាមផងដែរ៕