កាលពីពេលថ្មីៗនេះ ព្រះតេជគុណ ផា ប៊ុនថៃ ព្រះគ្រូចៅអធិការវត្ដរតនៈ ហៅវត្ដចាស់ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប បានបង្ហាញពីកន្លែងទេសចរណ៍ដ៍ស្រស់ស្អាតមួយកន្លែង ដែលអាចទេសចរណ៍ទៅទស្សនាថ្ងៃរៈ និងជាកន្លែងអ្នកទេសចរទៅបោះតង់កំសាន្ដបានល្អប្រសើរផងដែរ ជាពិសេសកន្លែងនោះ មានរូបចម្លាក់ពីប្រវត្ដិសាស្ដ្របុរាណ សម្រាប់ឱ្យទេសចរណ៍សិក្សាស្វែងយល់ងដែរ។

ព្រះតេជគុណ ផា ប៊ុនថៃ បានមានថេរដីកាថា ទីកន្លែងទស្សនាថ្ងៃរះនេះ ស្ថិតនៅក្នុងទីធ្លា វត្ដរបស់ព្រះអង្គ លើភ្នំគូលេនពីខាងកើត ជាប់ស្រុកស្វាយលើ។ នៅទីនេះអ្នកទេសចរណ៍អាចបោះតង់សម្រាកកំសាន្ដនាពេលរាត្រី ទស្សនាព្រឹក្សាគយគន់ទេសភាពពីលើភ្នំទៅទិសខាងកើត ជាពិសេសការទស្សនាថ្ងៃរៈបានល្អប្រសើរ ទាំងខែប្រាំងនិងខែវស្សា។ នៅពេលយើងឈរលើពើងថ្មធំ ហើយទស្សនាទេសភាពមានអារម្មណ៍ស្រស់ស្រាយ ខណៈដែលមានអាកាសធាតុល្អត្រជាក់ ខ្សល់បក់មកពីទិសខាងជើង។ ជាងនោះទៅទៀតនារដូវវស្សា អ្នកទេសចរណ៍បានគយគន់ម្ដង គឺចង់ទៅម្ដងទៀត ព្រោះវាអាចមើលឃើញថ្ងៃរះនាព្រឹកព្រលឹមយ៉ាងស្រស់ស្អាតផងដែរ។

ព្រះអង្គ មានថេរដីកាបន្ថែមថា ទីធ្លានោះមិនត្រឹមតែអាចទស្សនាទេសភាព ថ្ងៃរះប៉ុណ្ណោះទេ ប៉ុន្ដែនៅខាងក្រោមពើងថ្មនោះ ក៍អាចទៅទស្សនារូបចម្លាក់ពីបុរាណដែលឆ្លាក់ជាប់ថ្មនៃជើងភ្នំគូលេនជាច្រើនចម្លាក់។ ព្រះអង្គបានអំពាវនាវដល់អ្នកទេសសចរណ៍ក៍ដូចប្រជាពលរដ្ឋទៅកន្សាន្ដនិងទស្សនាថ្ងៃរៈនៅតំបន់នោះអោយបានច្រើនផងដែរ។

ព្រះគ្រូចៅអធិការ មានថេរដីកាបញ្ជាក់ទៀតថា កន្លែងទស្សនាថ្ងៃរះ និងទស្សនារូបចម្លាក់សម័យបុរាណនេះ អ្នកទេសចរអាចធ្វើដំណើរឡើងភ្នំតាមចំណុចពីស្រុកស្វាយលើ ដែលមានចំង៉ាយជិត១០គីឡូម៉ែត្រប៉ុណ្ណោះ ចេញពីផ្លូវជាតិលេខ៦៤ ត្រង់ចំណុចទីប្រជុំជនផ្សារនៃស្រុកសា្វយលើ ឬអាចធ្វើដំណើរខាងលិចភ្នំទៅតាមស្រុកបន្ទាយស្រី។ ជាមួយគ្នានោះនៅលើភ្នំគូលេន មានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសធម្មជាតិ រួមមាន តំបន់ទេសចរណ៍ ទឹកធ្លាក់ព្រះអង្គធំ តំបន់ទេសចរណ៍លឹង្គ១ពាន់ ប្រាសាទស្រះដំរី និងប្រាសាទបុរាណជាច្រើនទៀត ដែលជាតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រខ្មែរផងដែរ៕