(ភ្នំពេញ)៖ក្នុងសារសំឡេងមួយធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលមិនចាក់វ៉ាក់សាំង អាចនឹងពិបាករកការងារធ្វើ ហើយក៏អាចនឹងក្លាយទៅជាអ្នករើសអើងពីអ្នកចាក់វ៉ាក់សាំងផងដែរ។

សម្តេចតេជោ បានបញ្ជាក់លើបញ្ហានេះយ៉ាងដូច្នេះ «បន្តិចទៀតនៅលើពិភពលោកវ៉ាក់សាំង អាចថាវ៉ាក់សាំង ក្លាយជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង នេះការប្រមើមើលរបស់ខ្ញុំ។ ខ្ញុំគិតថា អ្នកដែលមិនបានចាក់វ៉ាក់សាំង គឺជាអ្នកដែលអភ័ព្វ អ្នកដែលពុំមានលទ្ធភាពទទួលបានការងារធ្វើ ឬស្វាគមន៍ពីសំណាក់អ្នកបានទទួលវ៉ាក់សាំង ដែលបង្កើតទៅជាការរើសអើង»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យរៀបចំផែនការឱ្យហើយសម្រាប់ការមកដល់ នូវវ៉ាក់សាំងលើកក្រោយ ដោយធ្វើយ៉ាងណាបង្កើនការចាក់នៅភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងតំបន់តាមផ្លូវជាតិចេញពីភ្នំពេញ មានកម្មករ និយោជិតធ្វើការច្រើន។ សម្រាប់សម្តេចតេជោ ហ៊ុន សែន បង្កើនការចាក់វ៉ាក់សាំងនៅភ្នំពេញ និងខេត្តកណ្តាលនេះ ដើម្បីបង្កើនភាពសាំសម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះ «ដើម្បីធានាភាពផ្សំ នៅរាជធានីភ្នំពេញ ដែលជាតំបន់ទីកន្លែងលំហូរ ប្រមូលផ្តុំមនុស្ស និងលំហូរចេញក្រៅ និងពីក្រៅមកក្នុងចាំបាច់ត្រូវតែមានភាពសាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាប់ជាមួយភ្នំពេញ។ ដូច្នេះខ្ញុំសូមឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការងារវ៉ាក់សាំង ធ្វើផែនការរៀបចំសម្រាប់ការចាក់វ៉ាក់សាំងបន្តនៅពេលវ៉ាក់សាំងថ្មី បានមកដល់ គឺសំដៅឆ្ពោះភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលជាប់រាជធានីភ្នំពេញតែម្តង។ បើយើងមិនធ្វើដូច្នេះទេ យើងដាកន់នៅទីនេះបន្តិច ទីនោះបន្តិចភាពផ្សំនេះ មិនគ្រប់គ្រាន់ទេ ដូច្នេះយើងត្រូវផ្តល់អាទិភាពឱ្យទីក្រុងភ្នំពេញតែម្តងសម្រាប់ការចាក់វ៉ាក់សាំង»

សម្តេចតេជោ ការចាក់សម្រាប់ជនអាទិភាពបានធ្វើរួចហើយ ដូច្នេះវ៉ាក់សាំងដែលមកក្រោយនេះនឹងត្រូវចាក់គ្រប់បុគ្គលទាំងអស់ ដែលមានអាយុ និងសុខភាពត្រូវតាមលក្ខខណ្ឌកំណត់របស់វ៉ាក់សាំង។កន្លងមកការចាក់វ៉ាក់សាំងនេះ កម្ពុជា បានកំណត់គោលការណ៍ស្ម័គ្រចិត្ត។ តែដើម្បីបង្កើតភាពសុាំការចាក់វ៉ាក់សាំងអាចក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច ដោយមិនអាចឈរលើគោលការណ៍ស្ម័គ្រចិត្តទៀតនោះឡើយ។ក្រៅតែពីភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈកម្មការចំពោះកិច្ច ពិភាក្សាជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលទ្ធភាពចាត់ចែងនៅតាមតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ លេខ២ លេខ៣ និងតំបន់ជាប់ខេត្តកណ្តាល ជាប់ភ្នំពេញ ដទៃទៀត សុទ្ធសឹងជាកន្លែងសម្បូរទៅដោយកម្មករ និយោជិត។

យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រាជធានីភ្នំពេញ ចាក់វ៉ាក់សាំងជូនមន្ត្រី និងជនអាទិភាពសរុបជាង ៩ម៉ឺននាក់ហើយ៕