ខេត្តបាត់ដំបង៖  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការឆ្មក់បង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងអាប៉ោងបៀរមួយកន្លែងនៅក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១នៅក្នុងភូមិ សាស្ត្រមាត់ស្ទឹងសង្កែ ខាងមុខវត្តក្តុល ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្តបានចំនួន ០៥ នាក់ ខណ:ក្រុមអ្នកលេងជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកវត្ថុពាក់ព័ន្ធមួយចំនួនតែប៉ុណ្ណោះ។

ក្រោយពីធ្វើការបង្ក្រាបឃាត់ខ្លួនបានក្រុមអ្នកប្រព្រឹត្ត្តទាំង០៥នាក់ជាមនុស្សប្រុស រួមនិងវត្ថុតាងមួយចំនួនផងនោះត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញចំណុះស្នងការខេត្តដើម្បីអនុវត្តតាមនីតិវិធី៕