ភ្នំពេញ=ហេតុការណ៍ផ្ទុះអាវុធមួយបាន បង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង៩យប់ថ្ងៃអង្គារទី៦ ខែមេសាឆ្នាំ២០២១ត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហ៊ុយ ទាល់មុខធនាគារABA តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុឃាត់ជនដៃដល់ដែលជាម្ចាស់អាវុធយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ សែនសុខដើម្បីសួរនាំ ។ចំណែកឯជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យជាង 20 ឆ្នាំស្លៀកខោជើងវែង ពណ៌ខ្មៅដោះអាវនិងកាន់កាំបិតចុងស្រួចមួយ។

យោងតាមសម្តីបុរសម្នាក់នៅមុនពេលកើតហេតុជនរងគ្រោះខាងលើមានគ្នា 2 នាក់បានមកឈ្លោះប្រកែកគ្នានៅមុខធនាគារអេប៊ីអេក្រោមស្ពានអាកាសផ្សារដីហ៊ុយ ពេលកំពុងឈ្លោះប្រកែកគ្នាក៏មានសន្តិសុខដែលយាម នៅទីនោះក៏បានដេញកុំឱ្យឈ្នោះគ្នានៅមុខធនាគារ ក្រោយមកជនទាំងពីរនាក់នោះទៅបាត់ ទៅ។

ស្រាប់តែមួយសន្ទុះក្រោយមកជនម្នាក់ក្នុងចំណោម 2 នាក់បានត្រឡប់មកវិញដោយមានកាន់កាំបិតចុងស្រួចនៅនឹងដៃ។បានមកឈ្លោះជាមួយនឹងសន្តិសុខខាងលើដែលកំពុងយាមធនាគារម្ដងទៀត ខណៈពេលកំពុងតែឈ្លោះគ្នាយ៉ាងតឹងសរសៃកជាមួយគ្នាបុរសដែលកាន់កាំបិតនោះបានស្ទុះរត់ទៅចាក់ទៅលើកម្លាំងសន្តិសុខដែលយាមធនាគារខាងលើទើបកម្លាំងសន្តិសុខនោះបានដកកាំភ្លើងបាញ់ចំនួន 3 គ្រាប់បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដង។ដោយឡែកតាមប្រភពផ្សេងទៀតបានដឹងថាជន បង្កដែលជាអ្នកប្រើប្រាស់អាវុធនេះគឺជាកម្លាំងប៉ូលិសនៅអង្គភាពតម្រួតបទបញ្ជា។

តែទោះជាយ៉ាងណាយើងមិនទាន់មានប្រភពច្បាស់ការណ៍ណាបញ្ជាក់នៅឡើយទេ។យើងរង់ចាំការលំអិតពីសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យដឹងព័ត៌មានច្បាស់លាស់៕