កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់​ចាម និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយក្រុមការងារក្រសួង ក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងដើម្បីតម្លើងភ្លើងស្តុបបញ្ហាចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៦ បំបែកទៅខេត្តកំពង់ធំ ចំណុចខាងមុខវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសថាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើននូវសោភ័ណភាពទីប្រជុំជន ភ្លើងស្តុបចរាចរណ៍និងត្រូវនឹងធ្វើការតម្លើងនៅពេលឆាប់​ៗ​​ខាងមុខ នៅលើកំណាត់ផ្លូវជាតិលេខ៦ បំបែកទៅខេត្តកំពង់ធំ ចំណុចខាងមុខវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

បន្ទាប់មកអញ្ជើញពិនិត្យទីតាំងតម្លើងភ្លើងបញ្ជាចរាចរណ៍នៅស្រុកជើងព្រៃ រួចមក នៅព្រឹកថ្ងៃដដែលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាពនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ លី ឈាងខប បន្ទាប់ពីទទួលលទ្ធផលវិជ្ជមានកូវីត-១៩ ទៅលើកម្មករ កម្មការិនី ចំនួន ៧នាក់ កាលពីថ្ងៃទី៩ ខែឧសភា ម្សិលមិញ និងបានដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ខ្សែចម្លងនៃជំងឺកូវីដ​-១៩ ព្រមទាំងមានការរៀបចំចាត់ចែងយកអ្នកដែលមានការពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក។

គួរបញ្ចាក់ផងដែរថារដ្ឋបាលសាលាខេត្តកំពង់ចាមបានចេញសេចក្ដីប្រកាសព័ត៍មាន សម្រេចផ្អាកសកម្មភាពផលិតកម្មរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ លី ឈាងខប នៅភូមិបាធាយ ឃុំបាធាយ ស្ថិតនៅស្រុកបាធាយ ដែលមានកម្មករកម្មការីនីឆ្លងជំងឺកូវីដ-១៩ជាមួយគ្នានោះ សម្រេចបិទខ្ទប់ភូមិអកទៀង ឃុំតាំងក្រាំង ស្ថិតនៅស្រុកបាធាយផងដែរ៕ ហាក់ចំណុច កំពង់ចាម