ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ចំនួន២ឈុត(ស្មើនឹង ២ ០០០ តេស្ត) ជូនដល់មន្ទីពេទ្យកាល់ម៉ែត ដើម្បីប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេសនៃឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័សនេះប្រើដោយបច្ចេកវិទ្យាទំនើប អាចជំរុញល្បឿននៃការធ្វើតេស្តបានឆាប់រហ័ស មានសុក្រឹត្យភាពខ្ពស់ មានគុណភាពនិងសុវត្ថិភាពខ្ពស់ ជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យក្នុងការពិនិត្យរកមេរោគឆ្លងកូវីដ-១៩បានឆាប់រហ័ស និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗថែមទៀតផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវការចម្លងក្នុង សហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នានៅក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះផងដែរថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិក មន្ត្រីរាជការមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែមានទឹកចិត្តប្រកប ដោយកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យដើម្បី ប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ៕