ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ បន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានចំនួន២០.០០០គ្រួសារបន្ថែមទៀត ។ គិតត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ប្រមាណជិត៤០ម៉ឺនគ្រួសារហើយ បានទទួលស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង២០.០០០ គ្រួសារ រួមមាន៖ នៅខណ្ឌមានជ័យចំនូន៤.០០០គ្រួសារ ខណ្ឌពោធិសែនជ័យចំនួន៨.០០០គ្រួសារ ខណ្ឌដង្កោចំនួន៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៤.៤០០គ្រួសារ ខណ្ឌជ្រោយចង្វចំនួន៥០០គ្រួសារ ខណ្ឌ៧មករាចំនួន៣០០គ្រួសារ ខណ្ឌទួលគោកចំនួន១.០០០គ្រួសារ ខណ្ឌច្បារអំពៅ៥០០គ្រួសារនិងខណ្ឌកំបលូចំនួន៨០០គ្រួសារ ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  ក្រោមកិច្ចសហការដ៏ល្អជាមួយកងទ័ពជើងគោក ការងារបានដឹកជញ្ជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១២ខែឧសភា ឆ្នាំ២០២១នេះ បានចំនួន៣៩៤.៦៥២គ្រួសារហើយ។

គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ ៕