ខេត្តស្វាយរៀង៖ នារសៀលថ្ងៃអង្គារ ៧ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខា លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានអញ្ជើញទទួលមូលនិធិ មនុស្សធម៌ពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ សាប៊ូ ២ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ២០ កេស ម៉ាស ២០ ប្រអប់ និងថវិកា ១ លាន ២ សែនរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើក ទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កាកបាទក្រហមកម្ពុជា និងសេចក្តីអំពាវនាវរបស់សាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនសប្បុរសជនទាំងក្នុង និងក្រៅខេត្ត  បានចូលរួមឧបត្ថម្ភ ជាបន្តបន្ទាប់ទោះបីការផ្អាកប្រារព្ធមេទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខាក៍ដោយ ។

ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណការចំពោះវិភាគទានដ៍សប្បុរសពី លោក សំ នីតូ និងសហការី ព្រមទាំងឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ទាំងក្នុងវិស័យ សាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទាន ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាបន្តបន្ទាប់ ។

លោកជំទាវបានបន្តទៀតថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជនក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ នេះបានជួយឱ្យសាខាអាចធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការលើក កម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងវប្បធម៌ អហិង្សានានា។

លោកជំទាវ សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបន្តទៀត ៕